ឆ្អឹងលលាដ៍ក្បាលបន្សល់ទុកពីរបបវាលពិឃាតនៅតែទាក់ទាញភ្ញៀវបរទេស
AKP បាត់ដំបង ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២៥--
ទីតាំងសម្លាប់មនុស្សដ៏សាហាវបំផុតរបស់ពួកខ្មែរក្រហមក្នុងខេត្តបាត់ដំបងដែលត្រូវបានគេរក្សាទុកនូវឆ្អឹងដងខ្លួន និងលលាដ៍ក្បាលជាច្រើន ដើម្បីជាភស្តុតាង និងទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ បានដឹង និងបានយល់អំពីប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបវាលពិឃាតខ្មែរក្រហមរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះនៅតែបន្តទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេសដែលចូលទៅទស្សនាសិក្សាស្វែងយល់នៅក្នុងខេត្តនេះ។

ទីតាំងដែលរក្សាទុកឆ្អឹងទាំងនេះគឺស្ថិតក្នុងវត្តសំរោងក្នុង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយសារតែនៅបរិវេណវត្តនេះត្រូវបានគេចាត់ទុកថាគុកវាលពិឃាតខេត្តបាត់ដំបងធំជាងគេហើយមានជនស្លូតត្រង់ត្រូវពួកឃាតករសម្លាប់ច្រើនផងដែរ។ ទីតាំងព្រះវិហារចាស់ត្រូវបានគេយកធ្វើជាគុក អគារសារមន្ទីរវត្តសំរោងក្នុងត្រូវបានប្រើប្រាស់ជាកន្លែងធ្វើទារុណកម្មសួរចម្លើយជនស្លូតត្រង់មុនយកទៅសម្លាប់ និងអគារមួយចំនួនទៀតត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅរបស់កងឈ្លបយាមគុក និងផ្ទុកសម្ភារសម្រាប់ធ្វើទារុណកម្មរបស់ពួកខ្មែរក្រហម។

អ្វីដែលពិសេសជាងនេះទៅទៀត គឺនៅជាប់របងវត្តភាគខាងលិចមានស្តូបមួយដែលកសាងថ្មីក្រោយថ្ងៃរំដោះ៧មករា មានឈ្មោះជាភាសារអង់គ្លេសថា The Well of Shadows មានន័យថា អណ្តូងនៃស្រមោលអតីតកាល ដែលកសាងពីស៊ីម៉ង់ត៍ ប្រក់ក្បឿង មានបរិវេណប្រមាណ២០ម៉ែត្រការ៉េ ដែលក្នុងនោះមានឆ្អឹង និងលលាដ៏ក្បាលយ៉ាងច្រើនដែលប្រមូលចេញពីរណ្តៅកប់សពរួមមកដាក់នៅទីនេះផងដែរ និងតាមជញ្ជាំងមានចម្លាក់នៅលើជញ្ជាំង ពិព៌ណនាអំពីការជម្លៀសប្រជាជនចេញពីទីក្រុង ឱ្យទៅធ្វើការនៅជនបទ និងការធ្វើទារុណកម្មរបស់ពួកខ្មែរក្រហមយ៉ាងសាហាវព្រៃផ្សៃទៅលើប្រជាជនស្លូតត្រង់។ ខេត្តបាត់ដំបងជាខេត្តដែលមានប្រជាជនស្លូតត្រង់ស្លាប់ច្រើនជាងគេក្នុងរបបវាលពិឃាត ដែលពួកវាប្រើឱ្យលើកទំនប់អាងកំពីងពួយ ធ្វើស្រែហើយចោតថាក្បត់បដិវត្តរួចយកមកធ្វើទារុណកម្មរួចសម្លាប់។

សព្វថ្ងៃគេសង្កេតឃើញមានជនបរទេសដែលជាភ្ញៀវទេសចរអន្តរជាតិចាប់ពី១៥ ទៅ៥៩នាក់តែងតែចូលទៅទស្សនាឆ្អឹងលលាដ៍ក្បាល និងរូបចម្លាក់នានាដែលជាសកម្មភាពបង្ហាញឱ្យឃើញអំពីការធ្វើទារុណកម្មដ៏ឃោរឃៅពីសំណាក់ពពួកខ្មែរក្រហមមកលើប្រជាជនស្លូតត្រង់ ដែលមានឆ្អឹងលលាដ៍ក្បាលរាប់រយរាប់ពាន់ដែលបន្សល់ទុកជាភស្តុតាងប្រវត្តិសាស្ត្រដែលប្រជាជន និងសង្គមកម្ពុជាបានឆ្លងកាត់យ៉ាងវេទនាបំផុត៕
ដោយ សុផល





