គ.ជ.ប៖ ក្នុងរយៈពេល ៨ថ្ងៃ នៃដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ៤៩ ១៤៥នាក់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្ដម ហេង ស៊ីឡេង សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ក្នុងដំណើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ គ.ជ.ប បានទទួលលទ្ធផលបណ្តោះអាសន្ន រួមមាន ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៩ ១៤៥នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ១៨ ៦០៦នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ២៣៧ ៩៩០នាក់ អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៤៣៤ ៦៧៥នាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤៨ ៧៣៩នាក់។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្ដម ហេង ស៊ីឡេង បានថ្លែងថា នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀតនៅពេលបូកបញ្ចូលតួលេខនៃការចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃ រហូតដល់ថ្ងៃទី២៦ ខែឧសភា ដែលជាថ្ងៃចុងក្រោយ។ ឯកឧត្ដម ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ និងថ្លែងអំណរគុណព្រមទាំងកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសការបំពេញតួនាទី និងភារកិច្ចដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងការកំណត់នៃច្បាប់ និងក្រុមចុះឈ្មោះបោះឆ្នោតដែលជាប្រតិបត្តិករអនុវត្តផ្ទាល់នីតិវិធីចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស។

ឯកឧត្ដមសមាជិក គ.ជ.ប បានឱ្យដឹងទៀតថា ផ្អែកតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់អនុវត្តន៍ផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែល គ.ជ.ប បានទទួលពីគ្រប់ឃុំ សង្កាត់ទូទាំងប្រទេសតាមរយៈ លធ.ខប ទាំង ២៥ ឃើញថា ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានសរុបចំនួន ១១ ២២៩ ០៤៩នាក់ ក្នុងនោះស្រ្តីចំនួន ៥ ៨០៤ ១៣៦នាក់។ ប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ មានចំនួន ១២២ ៥៩៥ នាក់។ ប្រជាពលរដ្ឋផ្លាស់ចូលថ្មីក្នុងឃុំ សង្កាត់មានចំនួន ២៤ ២៧៦ នាក់។ ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២២០ ៥៥៣ នាក់។ ចំនួនអ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៥ ៩០៤ នាក់។ ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ មានចំនួន ៩ ៩៩២ ៤២១ នាក់ និង ការិយាល័យបោះឆ្នោត មានចំនួន ២៤ ២៣១ ការិយាល័យ៕

ដោយ៖ ជឹម ណារី





