លោក លន់ សុភាព ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបោះឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋ ដើម្បីបំពេញតួនាទីសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២៥ -- រដ្ឋបាលរាជធានីភ្នំពេញបានបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន០១រូប ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការបោះឆ្នោតនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម កើត ឆែ អភិបាលរង និងជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

គណៈកម្មាធិការនៃការបោះឆ្នោតនាព្រឹកនេះមានចំនួន៣៥លើ៤២រូប ដែលសមាសភាពរបស់គណៈកម្មាធិការនេះមកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិ។ បេក្ខជននៃការបោះឆ្នោតនេះមានចំនួន២រូប គឺ៖ ១. លោក ឌី រតនា និងទី២. លោក លន់ សុភាព។ ចំពោះលទ្ធផលនៃការបោះឆ្នោត បានទៅលើលោក លន់ សុភាព ដែលមានសំឡេងឆ្នោតចំនួន២៤ ដោយលោកឌី រតនា ទទួលបានតែ១១សំឡេង។

សូមបញ្ជាក់ថា លោក លន់ សុភាព មានអាយុ៣៩ឆ្នាំ មានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រសង្គមសាស្រ្ត និងមនុស្សសាស្ត្រ និងនីតិសាស្រ្ត៕

ដោយ សួស សំរិត





