ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការងារផ្តត់ផ្គង់ទឹកស្អាត និងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការងារផ្គត់ផ្គង់ទឹកស្អាត និង គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយបានលើកឡើងនូវរបៀបវារៈចំនួន៣ រួមមាន៖ ១. ការអនុគ្រោះពន្ធ ដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត ២. ការលើកលែងអាករលើតម្លៃបន្ថែម សម្រាប់ការទិញក្នុងស្រុក និង៣. ការស្នើកំណត់ការលើកទឹកចិត្តពន្ធដារ លើគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារសំណង់។

ជាងនេះទៅទៀត អង្គប្រជុំក៏បានពិភាក្សាលើការស្នើលើកលែងអាករលើតម្លៃបន្ថែមសម្រាប់ការទិញ ដើម្បីបម្រើដល់គម្រោងសាងសង់កំពង់ផែខ្នាតអន្តរជាតិនៅខេត្តកំពត និងការស្នើកំណត់លក្ខណៈសម្បត្តិ ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ របស់គម្រោងវិនិយោគរោងចក្រផលិតសម្ភារសំណង់ (លូ និង រីហ្គា)។

ទន្ទឹមនឹងនេះ អង្គប្រជុំបានគាំទ្រ និងយល់ស្របថា គម្រោងខាងលើគួរទទួលបានការលើកទឹកចិត្ត ប៉ុន្តែត្រូវឈរលើមូលដ្ឋាននៃការសិក្សាស្រាវជ្រាវជាក់លាក់ ដោយចាំបាច់ត្រូវមានធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យ និងបូកសរុបឱ្យបានកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបានពិភាក្សាយ៉ាងផុសផុល និងបានស្វែងយល់អំពីកង្វល់ និងបញ្ហាប្រឈមរបស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតខ្នាតតូច និងមធ្យម នៅតាមតំបន់ដាច់ស្រយាល និងកត្តានានាដែលរាំងស្ទះដល់ការវិនិយោគឯកជនលើការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តំណាងអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, លេខាធិការដ្ឋាននៃក្រុមការងារអភិវឌ្ឍវិស័យឯកជន, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥៕
ដោយទូច វលក្ខ័ណ





