កម្ពុជា និងវៀតណាម ប្តេជ្ញាបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាបានវាយតម្លៃខ្ពស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងវៀតណាមក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងបានឯកភាពបន្តជំរុញការអនុវត្តអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយដែលបានចុះហត្ថលេខានៅឆ្នាំ២០២៣ កន្លងទៅ ដែលផ្តោតជាសំខាន់លើការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះនៅក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Le Hai Binh អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ានលើកទី១៧ នៅរាជធានីបានដា ស៊េរី បេហ្គាវ៉ាន់ ប្រទេសព្រុយណេដារ៉ូសាឡាម។

ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានកម្ពុជា និង ឯកឧត្តម Le Hai Binh អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ភាគីទាំងកម្ពុជានិងវៀតណាមក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងក្លាយជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ និងបានចាត់ទុកភាពជាដៃគូរវាងប្រទេសទាំងពីរមានសារៈសំខាន់ក្នុងការទប់ស្តាត់នូវព័ត៌មានក្លែងក្លាយ និងរក្សាភាពត្រឹមត្រូវ សុក្រឹត្យនៃលំហូរព័ត៌មាន។

ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអញ្ជើញសមភាគីវៀតណាមដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី(Asia Media Summit) លើកទី២០ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប នាខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕


ដោយ៖ រិទ្ធី រូបថត៖ ឡុង ដេវីត





