សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានតែចំណេះដឹងទេ ទើបមាននិរន្តរភាព
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ឪពុកម្តាយអ្នកក្រីក្រដែលមានលំបាកតែងតែតស៊ូឱ្យកូនរៀនបានខ្ពស់ខ្ពងជាងខ្លួនដោយសារគាត់គិតថាមានតែចំណេះដឹងទេទើបមាននិរន្តរភាពនិងអាចជួយកូនគាត់បាននៅពេលអនាគត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងក្នុងពិធី “សម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ” នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥បានបញ្ជាក់ថា៖«ឪពុកម្តាយដែលមានជីវភាពក្រីក្រ ឬរស់នៅតំបន់ដាច់ស្រយាល គាត់តែងតែខិតខំឱ្យកូនរៀនសូត្រ ព្រោះគាត់យល់ឃើញថាមានតែចំណេះដឹងទេទើបមាននិរន្តរភាព ទ្រព្យសម្បត្តិដែលឪពុកម្តាយ ឱ្យគឺអាចចាយអស់ តែទ្រព្យសម្បត្តិដែលបង្កក្នុងខ្លួនឱ្យខិតខំរៀនសូត្រយកចំណេះដឹង ឥរិយាបថល្អ មិនងាយបាត់បង់នោះទេ»។

សម្តេចបវរធិបតីក៏បានលើកករណីសិស្សម្នាក់ដែលប្រឡងជាប់សិស្សពូកែលេខ១ផ្នែកគណិតវិទ្យានៅខេត្ពព្រៃវែងឪពុកម្តាយក្រីក្រ ដោយឪពុកប្រកបរបររត់កង់បី និងម្តាយជាអ្នកស៊ីឈ្នួលលាងចាន និងបោកគក់ឱ្យគេ តែគាត់បានតស៊ូឱ្យកូនគាត់ខិតខំរៀនសូត្ររហូតកូនទទួល បានការសិក្សាល្អ។សម្តេចបវរធិបតីបានបញ្ជាក់ថា៖«អ៊ីចឹងមិនប្រាកដថាកូនអ្នកក្ររៀនចាញ់កូនអ្នកមាននោះទេ ហើយសមត្ថភាពនៃការខិតខំរៀនសូត្រនេះក៏បង្ហាញពីសមត្ថភាពនៅពេលចេញធ្វើការនៅពេលអនាគតដោយមិនមានម៉ែឪណាមកជួួយរហូតនោះទេ»។ជាមួយគ្នានោះដែរសម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានលើកឡើងជាការពិតណាស់ក៏មាន មនុស្ស១សែនមាន១នាក់ ឬ៤ឬ១០នាក់ មានទ្រព្យសម្បត្តិឱ្យហើយទទួលបានការងារល្អ៕

ដោយ៖ ប៊ុនរិទ្ធ





