សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ គឺពិតជាធ្វើឱ្យប្រទេសជាតិ ធានាបានការប្រកួតប្រជែងប្រកបដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ គឺពិតជាធ្វើឱ្យប្រទេសជាតិយើង ធានាបាននូវ ការប្រកួតប្រជែងប្រកបដោយជោគជ័យ។

ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៥នេះ ។

ក្នុងនោះសម្តេចធិបតី ចាត់ទុកការអប់រំ ត្រូវបានចាត់ទុកជាកត្តាកំណត់ដ៏សំខាន់ នៃសុខុមាភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ជាក់ស្តែងមានឥទ្ធិពលវិជ្ជមាន លើកំណើនសេដ្ឋកិច្ច តាមរយៈយន្តការចំនួន ៣។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យន្តការទាំង៣ខាងលើរួមមាន៖ ទី១ គឺការអប់រំបង្កើនមូលធនមនុស្ស នៅក្នុងកម្លាំងពលកម្មសរុបជាតិ ដែលជាកត្តាចាំបាច់បង្កើនផលិតភាពពលកម្ម និងជំរុញកំណើនឆ្ពោះទៅកម្រិតថ្មីមួយទៀត ។ ទី២ ការអប់រំបង្កើនសមត្ថភាព ក្នុងការធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងការអភិវឌ្ឍផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និងទី៣ ការអប់រំ ជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗទៀត ដែលជាកត្តាទាំងនេះ ជួយបង្កើនផលិតភាព និងការជំរុញសេដ្ឋកិច្ច ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ គឺពិតជាធ្វើឱ្យប្រទេសជាតិយើង ធានាបាននូវ ការប្រកួតប្រជែងប្រកបដោយជោគជ័យ ។ នេះគឺជាកត្តាកំណត់នៃសមត្ថភាព របស់ប្រទេសជាតិមួយ នៅក្នុងការធានានូវភាពប្រកួតប្រជែង ការធ្វើពិពិធកម្មនៃសេដ្ឋកិច្ច" ។
បន្ថែមលើនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ធនធានមនុស្ស មិនបានកំណត់ថា ក្នុងលក្ខណៈគ្រួសារ លក្ខណៈសង្គមជាតិ តែងតែផ្តល់ការយកចិត្តទុកដាក់ជាធំ ដែលសម្តេចធិបតី តែងតែថ្លែងជារើយៗថា មិនថាឪពុកម្តាយជាអ្នកក្រ ឬអ្នកមាន ឬជនបទដាច់ស្រយាល តែងតែខិតខំឱ្យកូនៗបានសិក្សារៀនសូត្រ ដោយសារប្រជាជនយល់ឃើញថា មានតែចំណេះដឹងទេ ទើបមាននិរន្តរភាព៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





