សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ពីការរីកចម្រើនក្នុងវិស័យពុទ្ធិកសិក្សាទាំងបរិមាណ និងគុណភាពនាពេលបច្ចុប្បន្ន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានកត់សម្គាល់ពីការរីកចម្រើនក្នុងវិស័យពុទ្ធិកសិក្សាទាំងបរិមាណ និងគុណភាពនាពេលបច្ចុប្បន្ននៅកម្ពុជា ដែលមនុញ្ញផលនេះបានកើតចេញពីប្រទេសជាតិមានសុខសន្តិភាព និយាយជារួម និងនិយាយដោយឡែកគឺកើតចេញពី សាមគ្គីភាព និងកិច្ចសហការល្អរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញកាតព្វកិច្ចយ៉ាងសកម្មក្នុងរយៈកាលកន្លងមក នៅក្នុងបុព្វហេតុបម្រើដល់វិស័យព្រះពុទ្ធសាសនា និងការជំរុញកិច្ចសន្ទនាអន្តរសាសនា ដើម្បីធានាសុខដុមនីយកម្មខាងសាសនានៅ

ទូទាំងប្រទេសឱ្យមានសុខដុមរមនាគួរជាទីមោទនៈ។ ការកត់សម្គាល់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីដូចនេះ ធ្វើឡើងក្នុងឱកាសនៃពិធីសម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែនាពេលនេះ បានបង្ហាញឱ្យឃើញពីភាពរីកចម្រើនគួរឱ្យកត់ សម្គាល់ទាំងពុទ្ធចក្រ និងអាណាចក្រ ដែលតាមរបាយការណ៍របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង ធម្មការ និសាសនា ចំនួនវត្តអារាមព្រះពុទ្ធសាសនា និងចំនួនព្រះសង្ឃនៅទូទាំងប្រទេសមានការកើន ឡើងជាលំដាប់។ នេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាកត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប ដែលកត្តាសុខសន្តិភាពមិនត្រឹមតែបង្កលក្ខណៈដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់នូវកាលានុវត្តភាព និងលទ្ធភាពគ្រប់គ្រាន់សម្រាប់សាសនិកគ្រប់សាសនានៅក្នុងការរៀបចំសាសនពិធី និងសកម្មភាពសាសនារបស់ខ្លួន ដែលជាផ្នែកមួយនៃការចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ ជាពិសេសជួយបណ្តុះស្មារតីខាងផ្នែកគុណធម៌ សីលធម៌ និងសុជីវធម៌ដល់មនុស្សនៅក្នុងសង្គម ដែលញ៉ាំងឱ្យសង្គមមានការរីកចម្រើនប្រសើរឡើង។

ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបណ្តុះបណ្តាលសមណនិស្សិត និស្សិតឱ្យមានសមត្ថភាព គឺជាកត្តាចាំបាច់មិនអាចខ្វះបាននៅក្នុងការចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ហើយថាសមិទ្ធផលនាពេលនេះ គឺបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងអស់នៅក្នុងការជួយកសាងក៏ដូចជាជួយក្នុងការបណ្តុះបណ្តាលសមណនិស្សិត និស្សិតឱ្យមានឱកាសទទួល បានចំណេះដឹង ចំណេះធ្វើ សីលធម៌ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ កិត្តិយស និងការចេះរួមរស់ជាមួយ គ្នាប្រកបដោយសុខដុមរមនាក្នុងសង្គម៕
ដោយ៖ ចាន់ សុភឿន





