ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះត្រួតពិនិត្យការដុះលូតលាស់ឡើងវិញនៃព្រៃឈើធម្មជាតិក្រោយពីជនល្មើសលួចកាប់ទន្ទ្រាន
AKP កំពង់ធំ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរដែនដីទៅត្រួតពិនិត្យស្ថានភាពព្រៃឈើធម្មជាតិដែលបានដុះលូតលាស់ឡើងវិញក្រោយពីជនល្មើសលួចកាប់រយៈពេល១ឆ្នាំកន្លងមកដែលកងកម្លាំងចម្រុះការពារបានមិនឱ្យមានការដាំដុះ និងបាត់បង់ក្នុងតំបន់សហគមន៍អូរបញ្ញា ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អស់រយៈពេលមួយឆ្នាំកន្លងទៅ កងកម្លាំងចម្រុះបានចុះត្រួតពិនិត្យដីព្រៃនៅតំបន់សហគមន៍អូបញ្ញា ក្នុងដែនជម្រកសត្វព្រៃបឹងពែរនេះ មានទំហំជាង១០ហិកតាដែលត្រូវបានជនល្មើសលួចកាប់ទន្ទ្រានក្នុងចន្លោះចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ មុនពេលកងកម្លាំងចម្រុះចេញប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំចេញប្រតិបត្តិការដែលកន្លងមកដីព្រៃទាំងនេះ ត្រូវបានជនល្មើសលួចកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។ តែដោយសារកងកម្លាំងយើងគ្រប់គ្រងការពារបានមិនឱ្យមានការដាំដុះនិងយកដីនេះធ្វើជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់បានឡើយ ដូច្នេះបានធ្វើឱ្យព្រៃធម្មជាតិត្រូវបានដុះលូតលាស់ឡើងវិញលើផ្ទៃដីកាប់ទន្ទ្រានរួច មានភាពស្រស់ត្រកាលសម្រាប់កូនចៅយើងនៅជំនាន់ក្រោយ និងសម្រាប់សង្គមជាតិយើងទាំងមូល។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវបន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខុសច្បាប់ មិនឱ្យមានការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ យកដីធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ ហើយនិងខិតខំការពារដីព្រៃដែលជនល្មើសបានកាប់ទន្រ្ទានកន្លងទៅដើម្បីថែរក្សាឱ្យព្រៃធម្មជាតិ ដុះលូតលាស់ឡើងវិញ ពិសេសធ្វើឱ្យសម្រស់ធម្មជាតិ និងសត្វព្រៃនៅក្នុងសហគមន៍អូរបញ្ញាក្នុងដែនជម្រកសត្វព្រៃបឹងពែរនេះមានការប្រែប្រួលរីកចម្រើន ក្លាយជាកិច្ចការពារធនធានធម្មជាតិ សម្រាប់យើងទាំងអស់គ្នា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។

នៅថ្ងៃជាមួយគ្នានោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានដឹកនាំកងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរដែនដី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ណែនាំការងារ និងប្រគល់ភារកិច្ច ព្រមទាំងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិតំបន់អូរពង្រក្នុងដែនជម្រកសត្វព្រៃពែរឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីបន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងគ្មានការដកថយឡើយ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





