អង្គការ Heifer International Cambodia បិទសិក្ខាសាលាសហគមន៍កសិកម្មប្រចាំឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ថា អង្គការហេហ្វឺអន្ដរជាតិកម្ពុជា (Heifer International Cambodia) បានរៀបចំពិធីបិទសិក្ខាសាលាសហគមន៍កសិកម្មប្រចាំឆ្នាំស្តីពីការពង្រឹងសមត្ថភាពនៃការគ្រប់គ្រង និងការផ្គូផ្គងធុរកិច្ចរបស់សហគមន៍កសិកម្ម និងសហគ្រិនសុខភាពសត្វសហគមន៍ ដែលមានសមាសភាពចូលរួមមកពីតំណាងសហគមន៍កសិកម្មអង្គការដៃគូ មន្ត្រីជំនាញនៃក្រសួងកសិកម្ម វិស័យឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ។

ឯកឧត្តម អនុរដ្ឋលេខាធិការបន្តថា អង្គការ ហេហ្វឺអន្ដរជាតិកម្ពុជា គឺជាដៃគូដ៏សំខាន់មួយ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងកសិកម្មនៅក្នុងការអភិវឌ្ឍសហគមន៍កសិកម្មនៅកម្ពុជា Heifer International ក្នុងពេលកន្លងមក។ រហូតមកដល់ពេលនេះ មានសហគមន៍កសិកម្មចំនួន ៨៤ និងសហភាពសហគមន៍កសិកម្មចំនួន១ ដែលទទួលបានការគាំទ្រដោយផ្ទាល់ពី អង្គការហេហ្វឺ អន្ដរជាតិកម្ពុជា។

មកទល់ពេលនេះមានកសិករប្រមាណ ៤៥០០០ គ្រួសារ រួចហើយ ដែលបានទទួលផលពីការជួយគាំទ្រពី អង្គការហេហ្វឺអន្ដរជាតិកម្ពុជា (Heifer International Cambodia) នេះផងដែរ៕

ដោយ ណយ នឿន





