គម្រោងរេដបូកកែវសីមាលើកកម្ពស់ការសិក្សាថ្នាក់បឋម
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥-- ការសិក្សាអប់រំគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពរបស់បុគ្គល ឬសហគមន៍នីមួយៗ។ ជាមួយនឹងគោលដៅក្នុងការលើកកម្ពស់ការសិក្សាអប់រំរបស់សិស្សានុសិស្សនៅក្នុងភូមិគោលដៅរបស់គម្រោងរេដបូកកែវសីមា គម្រោងបានសហការណ៍ជាមួយគណកម្មការសហគមន៍ភូមិស្រែអ៊ី រៀបចំកម្មវិធីចែកសម្ភារសិក្សាចំនួន២៣០កញ្ចប់ ទៅដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាស្រែអ៊ី ស្ថិតក្នុងភូមិស្រែអ៊ី ខេត្តមណ្ឌលគិរី។

មន្រ្តីអង្គការ WCS បានឱ្យដឹងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ថា សិស្សម្នាក់ៗទទួលបានឯកសណ្ឋានសិស្សមួយសម្រាប់ ក្តារឈ្នួន សៀវភៅ និងសម្ភារសិក្សាមួយចំនួនទៀត ដែលបានរួមចំណែកក្នុងការជំរុញការសិក្សាក្រេបយកចំណេះវិជ្ជារបស់ពួកគេ។ សកម្មភាពនេះធ្វើឡើងក្នុងគោលដៅជំរុញលើកទឹកចិត្តការចុះឈ្មោះចូលរៀនរបស់ក្មេងៗរស់នៅតាមតំបន់ដាច់ស្រយាល ក៏ដូចជាធានានូវសិទ្ធិក្នុងការទទួលបានការអប់រំដោយស្មើរភាពគ្នា។ បន្ថែមពីនេះ កុមារនឹងមានឱកាសទទួលបានចំណេះដឹងពីការគ្រប់គ្រងបរិស្ថាន និងផលប៉ះពាល់ពីការកាប់បំផ្លាញព្រៃឈើទៅលើការប្រែប្រួលអាកាសធាតុ។

តាមរយៈសកម្មភាពលើកទឹកចិត្តនេះ អង្គការ WCS ជឿជាក់ថា កុមារអាចដើរតួជាបុគ្គលគំរូក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការចូលរួមក្នុងសហគមន៍លើការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕


ដោយ ណយ នឿន (ប្រភព៖ WCS)





