ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោម ក្រសួងធម្មការនិងសាសនា និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមាន សម្តេចព្រះ អភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ និងបានទទួលការប្រោស ព្រះរាជទាននាមថា “ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា” ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ឧត្តមភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជំរុញបណ្តុះបណ្តាល ផ្តល់ការអប់រំដោយយកចិត្តទុកដាក់យ៉ាង សកម្មទាំងបព្វជិត និងគ្រហស្ថ ដោយមិនប្រកាន់និន្នាការនយោបាយការរើសអើង និងជំនឿសាសនា ដោយឈរ លើបាវចនា “មេត្តា សតិ បញ្ញា” តាមរយៈការផ្តល់អាហារូបករណ៍១០០%សម្រាប់ថ្នាក់បរិញ្ញាបត្រ ៥០% សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៥០%សម្រាប់ថ្នាក់បណ្ឌិត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតាស្ថាបនិក សន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មអប់រំ មនុស្សធម៌ និងការផ្សព្វផ្សាយ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគោលបំណងចូលរួមជំរុញលើកកម្ពស់ធនធានមនុស្សក្នុងសង្គមជាតិ។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមព្រះរាជកិច្ចដឹកនាំគ្រប់គ្រងផ្ទាល់របស់ សម្តេចជាអម្ចាស់ មានព្រះមន្ត្រីសង្ឃ ចំនួន ៥ អង្គ មន្ត្រីក្របខណ្ឌចំនួន ៥ រូប សាស្ត្រាចារ្យក្របខណ្ឌចំនួន ២ រូប មន្ត្រីកិច្ចសន្យាចំនួន ២ រូប (សរុប មន្ត្រីក្រោមឱវាទក្រសួងធម្មការ និងសាសនាចំនួន ១៤ រូប) មន្ត្រីក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡាចំនួន ២៨ រូប (ក្របខណ្ឌពិសេសផ្តល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) និងសាស្ត្រាចារ្យប្រាក់ ម៉ោងបន្ថែមសរុបចំនួន ២២៨ រូប និងមន្ត្រីស្ម័គ្រចិត្តចំនួន ២០ រូប។ ក្នុងពេលបច្ចុប្បន្ននេះ មានសមណនិស្សិត និស្សិតកំពុងសិក្សាសរុបចំនួន ៣ ៧៧៨អង្គ/នាក់ សិក្សានៅក្នុង៤ កម្រិតភូមិសិក្សាគឺ៖
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សរុបចំនួន ១ ៨០០អង្គ/នាក់
ថ្នាក់បរិញ្ញាបត្រចំនួន ៩២៥អង្គ/នាក់
បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៨៨៨អង្គ/នាក់
ថ្នាក់បណ្ឌិតចំនួន ១៦៥អង្គ/នាក់
បច្ចុប្បន្នពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមានរចនាសម្ព័ន្ធគ្រប់គ្រងនិងជំនាញបណ្តុះបណ្តាល ដូចខាងក្រោម ៖
១. ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់សមណនិស្សិត និស្សិតដែលចុះឈ្មោះចូលរៀនឆ្នាំទី១
២. ថ្នាក់បរិញ្ញាបត្រ មានពុទ្ធិកមហាវិទ្យាល័យចំនួន ៤ សម្រាប់សមណនិស្សិត និស្សិតសិក្សាពីឆ្នាំទី២ ដល់ ទី៤ រួមមាន៖
ពុទ្ធិកមហាវិទ្យាល័យវិទ្យសាស្ត្រអប់រំ និងអក្សរសាស្ត្រ
-ជំនាញ៖ វិទ្យាសាស្ត្រអប់រំ
-ជំនាញ៖ គ្រប់គ្រងទូទៅ
-ជំនាញ៖ អក្សរសាស្ត្រខ្មែរ
ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា សាសនា និងនីតិសាស្ត្រ
-ជំនាញ៖ ទស្សនវិជ្ជាព្រះពុទ្ធសាសនា
-ជំនាញ៖ នីតិសាស្ត្រ
ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា
-ជំនាញ៖ វិទ្យាសាស្ត្រកុំព្យូទ័រ
ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ក្រឹត និងភាសាបរទេស
-ជំនាញ៖ ភាសាអង់គ្លេស
៣. ថ្នាក់ក្រោយបរិញ្ញាបត្រ
កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បណ្តុះបណ្តាលលើជំនាញចំនួន ៦ រួមមាន៖ ជំនាញនីតិឯកជន រដ្ឋបាលសាធារណៈ គ្រប់គ្រងទូទៅ ភាសាអង់គ្លេសសម្រាប់បង្រៀន វិទ្យាសាស្ត្រអប់រំ និងជំនាញ អក្សរសាស្ត្រខ្មែរ។
កម្មវិធីថ្នាក់បណ្ឌិតទស្សនវិជ្ជា បណ្តុះបណ្តាលលើជំនាញចំនួន ៩ រួមមាន៖ ជំនាញនីតិសាស្ត្រ រដ្ឋបាលសាធារណៈ គ្រប់គ្រងធុរកិច្ច គ្រប់គ្រងធនធានមនុស្ស វិទ្យាសាស្ត្រអប់រំ រដ្ឋបាលអប់រំនិង ភាពជាអ្នកដឹកនាំ ទស្សនវិជ្ជានិងសាសនា ទំនាក់ទំនងអន្តរជាតិ និងជំនាញអក្សរសាស្ត្រខ្មែរ។
ការបើកថ្នាក់បណ្ឌិតនេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រដែលមិនធ្លាប់មានតាំងពីស.
វទី១ និងទើបមានក្នុង សម័យតេជោសន្តិភាព លើវិស័យពុទ្ធិកឧត្តមសិក្សា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ប្រកាសបើកកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធអគារសិក្សា សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាកម្ពស់ ៩ ជាន់ ចំណាយថវិកាសាងសង់ និងបំពាក់គ្រឿងបរិក្ខារសរុប ជិត ៣ លានដុល្លារសហរដ្ឋអាមេរិច ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ក្រៅពីការអប់រំបណ្តុះបណ្តាល ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានផ្តល់កន្លែងស្នាក់នៅជូន សមណនិស្សិត និស្សិត ដែលមានជីវភាពខ្វះខាតចំនួន ២ អគារ និងមានបុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី សម្រាប់ផ្តល់សេវាថែទាំសុខភាពប្រគេន-ជូនដល់សមណនិស្សិត និស្សិតមន្ត្រី បុគ្គលិក សាស្ត្រាចារ្យ និងប្រជាពលរដ្ឋទូទៅដែលមានជីវភាពខ្វះខាត។ ព្រមជាមួយគ្នានេះ ពុទ្ធិកសាកល វិទ្យាល័យព្រះសីហមុនីរាជា បានបង្កើតឱ្យមាននូវកម្មវិធីអប់រំមនុស្សធម៌ តាមរយៈការចែកព្រះរាជអំណោយ ការ បើកក្លឹបយុវជនកាកបាទក្រហមកម្ពុជា ដោយមានការអនុញ្ញាតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្លឹបសហភាពសហព័ន្ធយុវជនកម្ពុជាដោយមានការអនុញ្ញាតពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្លឹបសហភាពសហព័ន្ធយុវជនកម្ពុជា មូលនិធិពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងគម្រោង អភិវឌ្ឍសហគមន៍ជាច្រើនទៀតផងដែរ។
ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានសម្រេចបាននូវសមិទ្ធផល សំខាន់ៗជាច្រើនដូចជា៖
អគារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
អគាររដ្ឋបាល
អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី
អន្តេវាសិកដ្ឋានពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
អន្តេវាសិកដ្ឋានតេជោសន្តិភាព
បណ្ណាល័យតេជោសន្តិភាព
សាលវិមានសន្តិភាព
សាលសវនាការត្រាប់
មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មានទទួលបានព្រះរាជូបត្ថម្ភពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន ទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលឥណ្ឌា
បុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនីមជ្ឈមណ្ឌលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ PSBU មូលនីធិពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជាក្រាលបេតុងទូទាំងបរិវេណវត្តស្វាយពពែ សួនផ្កាមេត្តាសន្តិភាព ផ្លាកឈ្មោះពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ដងទង់ជាតិអាស៊ាន និងសមិទ្ធផលជាច្រើនផ្សេងៗទៀត។
សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖
1. អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព កម្ពស់ ៥ ជាន់ មាន ៣០ បន្ទប់
2. ចាក់បេតុងនិងក្រាលកៅស៊ូផ្លូវ ក្នុងបរិវេណសាកលវិទ្យាល័យទាំងមូល
អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង៧.៥ម៉ែត្រ បណ្តោយប្រវែង៣៦ម៉ែត្រ កម្ពស់៥ជាន់ ត្រូវនឹង៣០បន្ទប់ ក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់៣ថ្នាក់ចំនួន២ សម្រាប់និស្សិតស្នាក់នៅចំនួន៦នាក់ សរុបអាចឱ្យនិស្សិតស្នាក់នៅចំនួន១៨០នាក់។ អគារនេះ ត្រូវបានសាងសង់ឡើងប្រើរយៈពេល១២ខែ ដោយបានប្រកាសសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ “អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាជាតិនៃព្រះ រាជាណាចក្រកម្ពុជា។ ក្នុងពិធីសម្ពោធនោះដែរ សម្តេចតេជោ បានឧបត្ថម្ភក្នុងការធ្វើផ្លូវកៅស៊ូ ក្រាលបេតុងទូទាំង បរិវេណវត្តស្វាយពពែ និងសួនច្បារមេត្តាសន្តិភាពខាងមុខនិងក្នុងបរិវេណវត្តស្វាយពពែផងដែរ។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានក្លាយជាសាកលវិទ្យាល័យអន្តរជាតិ តាមរយៈការចូលជាសមាជិក សមាគមសាកលវិទ្យាល័យអន្តរជាតិ និងទទួលបានការទទួលស្គាល់លើការរៀបចំកម្មវិធីសិក្សាពីស្ថាប័នអប់រំ អន្តរជាតិជាច្រើនរួមមាន៖
ការចូលជាសមាជិកសមាគមសាកលវិទ្យាល័យអន្តរជាតិ IAU (UNESCO) ប្រទេសបារាំង ដែលមាន សាកលវិទ្យាល័យអន្តរជាតិចូលរួមប្រមាណ៦០០សាកលវិទ្យាល័យ មកពី ១៣០ប្រទេស ទូទាំងពិភពលោក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
ការទទួលស្គាល់គុណភាពអប់រំដោយស្ថាប័នវាយតម្លៃចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក លើ ការអប់រំឧត្តមសិក្សា Time Higher Education World University Ranking នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤៕
ដោយ៖ គង់ សិរីរ័ត្ន





