កម្ពុជា-កូរ៉េ បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥-- ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំថែមទៀត ក្នុងវិស័យបរិស្ថាន និងការជំរុញការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល ដែលមានប្រទេសជាច្រើនកំពុងប្រឈមនឹងផលប៉ះពាល់នៃគ្រោះមហន្តរាយ ក្នុងនោះកម្ពុជានិងកូរ៉េ បានទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារការប្រែប្រួលអាកាសធាតុនេះផងដែរ។ ការលើកឡើងរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Kim Wansup រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម Kim Wansup រដ្ឋមន្រ្តីក្រសួងបរិស្ថានកូរ៉េ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-កូរ៉េ លើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិកន្លងមកបានល្អប្រសើរ និងបានបញ្ជាក់ថា កូរ៉េនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀត ជាពិសេសការដោះស្រាយការបំពុល ដោយប្លាស្ទិក ដើម្បីលើកម្ពស់សោភ័ណភាព សុខភាពរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានកូរ៉េ បានបន្តថា ប្រទេសកូរ៉េកំពុងរៀបចំផែនការជាតិ រួមចំណែកការប្រែប្រួលអាកាសធាតុ NDC ដើម្បីដាក់ជូនទៅអង្គការសហប្រជាជាតិ នៅអំឡុង ខែសីហា ឆ្នាំ២០២៥ ខាងមុខ មុនកិច្ចប្រជុំលើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP30)។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា និងកូរ៉េមានគោលដៅរួម គឺធ្វើយ៉ាងណាឱ្យពិភពលោក មានភាពស្អាត មានភាពបៃតង និងការរស់នៅដោយចីរភាព ជាពិសេសកាត់បន្ថយការបំពុលដោយប្លាស្ទិក និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរបស់មនុស្សជាតិ។ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងដែលមានសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ចំពោះភាពស្អាត គឺក្រសួងបានដាក់ចេញវិធានការ កាត់បន្ថយការបំពុលដោយប្លាស្ទិក។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានកម្ពុជាបានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ បំផុសសកម្មភាព និងប្រែក្លាយទៅជាចលនា បន្តទៅជាវប្បធម៌ និងទម្លាប់ល្អ របស់ប្រជាជន នៅក្នុងការរក្សាភាពស្អាត តាមរយៈ១-យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ១១លាននាក់ នៅទូទាំងប្រទេស។ ២- យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ៦លាននាក់នៅទូទាំងប្រទេស និង ៣-យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដាក់ចេញថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៥ ជាលទ្ធផលរហូតមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ប្រវែងផ្លូវសម្អាតបាន ៣៤៤០.០៦គីឡូម៉ែត្រ ចំនួនអ្នកចូលរួម ជិត ២០ម៉ឺននាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថាថាកម្ពុជាបានដាក់ចេញភាពស្អាត ទាំងនៅលើដី ក្នុងដែនទឹក និងលើមេឃ។ ចំពោះការកាត់បន្ថយការបំពុលប្រភពទឹកសាធារណៈ ជាពិសេសទន្លេសាប និងទន្លេមេគង្គ ក្រសួងបានដាក់ចេញនូវយុទ្ធនាការ « សំអាតទន្លេសាប» និងបានរៀបចំឯកសារទស្សនទានរួចរាល់ដើម្បី ធ្វើការស្តារ និងប្រមូលសំរាម សំណល់ប្លាស្ទិកទាំងលើគោក និងក្នុងទឹកទន្លេ។ ជាមួយគ្នានេះក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការ «ពន្លកបៃតង» ជំរុញការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុង១ឆ្នាំ ហើយនៅឆ្នាំ២០២៥នេះ ក្រសួងគ្រោងចែកកូនឈើ ជូនប្រជាពលរដ្ឋ យកទៅដាំចំនួន៣លានដើមបន្ថែមទៀត រួមជាមួយការជំរុញផែនការសកម្មភាព លើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិ និងប្រែក្លាយជាសហគមន៍អព្យាក្រឹតកាបូន៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងបរិស្ថាន)





