កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥-- ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម លោកជំទាវ ជាតំណាងរដ្ឋបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះការផ្តល់វត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ តំណាងរដ្ឋបាលខេត្ត ទាំង២៥ ដែលជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍជនបទ ដោយហេតុថាវិស័យអភិវឌ្ឍន៍ជនបទជាកិច្ចការពហុវិស័យដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន អាចប្រគួតប្រជែងជាមួយបណ្ដាប្រទេសនានានៅក្នុងសកលលោក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពកម្ពុជា និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ បានដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ដ្រត្រីកោណ និងយុទ្ធសាស្ដ្រចតុកោណទាំងបួនដំណាក់កាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយនឹងការបន្ដបេសកកម្មជាប្រវត្តិសាស្ដ្រនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីចូលរួមចំណែកសម្រេចនូវទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក និងដាក់ទិសដៅអភិវឌ្ឍន៍ជនបទរយៈពេលវែង ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព”។


ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើដល់អង្គប្រជុំទាំងមូលចូលរួមឱ្យបានសកម្មក្នុងការពិភាក្សា និងផ្ដល់យោបល់ ព្រមទាំងធាតុចូលជាយុទ្ធសាស្ដ្រ និងសំណើរប្រកបដោយន័យស្ថាបនា ដើម្បីជួយបំពេញបន្ថែមលើផែនការអភិវឌ្ឍន៍រយៈពេលវែងនេះ ឱ្យមានគុណភាព និរន្ដរភាព និងអាចយកអនុវត្តបានពិតប្រាកដ សម្រេចសមិទ្ធផលជាក់ស្ដែងជូនប្រជាជន និងប្រទេសជាតិ។ កិច្ចប្រជុំពិគ្រោះយោបល់បានដំណើរការដោយមានការធ្វើបទបង្ហាញស្ដីពី សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ជូនដល់អង្គពិធីទាំងមូល ផ្ដោតលើចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ដ្រ កម្មវិធី និងវិធីសាស្ដ្រ ជូនដល់អង្គប្រជុំមូល។ បន្ទាប់មកអង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុស លើសេចក្ដីព្រាងគោលនយោបាយនេះ ព្រមទាំងបានចូលរួមផ្ដល់មតិយោបល់ និងសំណូមពរនានា ដែលជាធាតុចូលដ៏សំខាន់បន្ថែមទៀត ធ្វើឱ្យសេចក្ដីព្រាងគោលនយោបាននេះ កាន់តែមានគុណភាព គ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពទៅនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
បន្ទាប់ពីបានស្ដាប់នូវការធ្វើបទបង្ហាញ និងការផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ពីអង្គប្រជុំរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានទទួលនូវធាតុចូលល្អៗ សម្រាប់បំពេញបន្ថែមលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ឱ្យកាន់តែច្បាស់លាស់ និងមានវិសាលភាពអនុវត្តបានទូលំទូលាយ។


ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍ដល់ក្រុមការងារតាក់តែងគោលនយោបាយ រៀបចំកែសម្រួលដោយដាក់បញ្ចូលនូវធាតុចូល ដែលទទួលបានពីអង្គប្រជុំ ព្រមទាំងស្នើសុំដល់តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់បន្ដចូលរួមសហការ និងផ្ដល់ធាតុចូលបន្ថែមទៀត ដើម្បីឱ្យការរៀបចំផែនការយុទ្ធសាស្ដ្ររយៈពេលវែងនេះកាន់តែមានភាពល្អប្រសើរ ឆ្លើយតបទៅនឹងបរិបទនយោបាយ សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យារបស់កម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងគោលដៅធ្វើឱ្យតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ និងមាននិរន្ដរភាព៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





