កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៤
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥-- នៅសាលប្រជុំព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៤ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ ដែលជាសេនាធិការផ្ទាល់ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបំពេញបេសកកម្ម លើកិច្ចការពារ គ្រប់គ្រងថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។


កិច្ចប្រជុំបានពិភាក្សា អនុម័ត និងផ្តល់អនុសាសន៍លើរបៀបវារៈសំខាន់ៗចំនួន៥រួមមាន៖ ទី១. របាយការណ៍លទ្ធផលអនុវត្តអនុសាសន៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារអាណត្តិទី៥ លើកទី៣ ទី២. របាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ដើម ឆ្នាំ២០២៥ ទី៣. របាយការណ៍លទ្ធផលអនុវត្តគម្រោងមូលនិធិអង្គរឆ្នាំ២០២៤-២០២៥ ទី៤. សំណើសុំអនុម័ត និងទី៥. បញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២៥រូប៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





