ផ្លូវបេតុងថ្មីចូលទៅចំណតទូកទេសចរណ៍ក្រុងកំពតសម្រេចការសាងសង់រង្វង់៥០%ហើយ
AKP កំពត ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥-- អាជ្ញាធរក្រុងកំពតបានបញ្ជាក់ថា ដើម្បីទាក់ទាញទេសចរ និងជួយលើកកម្ពស់ជីវភាពពលរដ្ឋ ក៏ដូចជាប្រតិបត្តិករទេសចរណ៍នៅខេត្តកំពត រដ្ឋបាលខេត្តកំពត ក្រោមការដឹងនាំរបស់ ឯកឧត្តម ម៉ៅ ធនិន បាន និងកំពុងពន្លឿនការស្ថាបនាផ្លូវបេតុងថ្មី១ខ្សែ ប្រវែងជាង១ពាន់ម៉ែត្រ ចូលទៅចំណតទូកទេសចរណ៍ ដែលស្ថិតនៅចន្លោះពីស្ពានថ្មី ទៅស្ពានរថភ្លើង។ ការសាងសង់សម្រេចបានរង្វង់៥០%ហើយ ខណៈដែលពលរដ្ឋត្រេកអរយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីមួយនេះ។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ថា កន្លងមកដោយការគិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនម្ចាស់ទូកដឹកភ្ញៀវទេសចរកម្សាន្តតាមដងព្រែកកំពង់បាយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្តូរទីតាំងចំណតទូកពីត្រើយខាងលិច មកនៅត្រើយខាងកើតវិញ គឺនៅចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ដោយបានរៀបចំជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយដើម្បីឱ្យភ្ញៀវមកជិះទូកច្រើន។ ប៉ុន្តែដោយសារផ្លូវចូលទៅចំណតទូកមិនស្អាតសមរម្យ ទើបឯកឧត្តមអភិបាលខេត្តចាប់ផ្តើមស្ថាបនាផ្លូវបេតុងជូនទៀត ដោយមានទទឹង១២ម៉ែត្រ និងបណ្តោយ១០១០ម៉ែត្រ ដើម្បីងាយស្រួលធ្វើដំណើរសម្រាប់ភ្ញៀវផង និងដើម្បីឱ្យពលរដ្ឋម្ចាស់ទូក និងអ្នករស់នៅជាប់ផ្លូវ អាចបង្កើតមុខរបស់បន្ថែមផង។ លោកបានបញ្ជាកថា ការសាងសង់គិតមកដល់ថ្ងៃទី៨ ខែឧសភានេះ សម្រេចបានរង្វង់៥០%ហើយ ខណៈដែលមន្ត្រីបច្ចេកទេសថា យ៉ាងយូរ២សប្តាហ៍ទៀត ផ្លូវបេតុងនេះនឹងស្ថាបនារួចរាល់ជាស្ថាពរ។


ម្ចាស់ទូកទេសចរណ៍ “ណាហ្គា” និងអាជីវករលក់កាហ្វេនៅខាងមុខចំណតទូកទេសចរណ៍ បានបង្ហាញសេចក្តីត្រេកអរយ៉ាងខ្លាំង និងរំពឹងថាក្រោយផ្លូវបេតុងថ្មីនេះសាងសាងរួច ភ្ញៀវនឹងមកកាន់តែច្រើន របររបស់ពួកគាត់នឹងកាន់តែល្អប្រសើរឡើងថែមទៀត។


បើតាមការបញ្ជាក់របស់អាជ្ញាធរក្រុងបានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះសំខាន់ណាស់ សម្រាប់ជួយលើកកម្ពស់សោភ័ណភាពក្រុងកំពតផង បង្កើនភាពទាក់ទាញទេសចរឲ្យមកជិះទូក និងអង្គុយលម្ហែកាន់តែច្រើនផង ព្រោះឆ្នេរនៅទីតាំងនោះ អាចគយគន់ទេសភាពជួរភ្នំ និងមើលថ្ងៃលិចយ៉ាងស្រស់ស្អាត ពិសេសទឹកព្រែក ថ្លាត្រជាក់ស្អាត អាចងូតលេងបាន។ ជាងនេះទៅទៀតផ្លូវនេះភ្ជាប់កន្លែងកម្សាន្តតាមដងព្រែងកំពង់បាយពីផ្លូវរថភ្លើងរហូតដល់សួនច្បារសេះសមុទ្របាញ់ទឹកខាងមុខសាលាខេត្តតែម្តង៕
ដោយ ប្រាក់ លាង





