ប្រធានាធិបតីទីម័រឡេស្តេ៖ កម្ពុជា គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យ របស់ទីម័រឡេស្តេ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ មានប្រសាសន៍ថា កម្ពុជា គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្តេ ហើយឯកឧត្ដមក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងជ្រោមជ្រែង ដែលកន្លងមកជួយឱ្យទីម័រឡេស្តេ ក្លាយជាអ្នកសង្កេតការណ៍របស់អាស៊ានកាលពីឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន និងការបន្តជួយជ្រោមជ្រែងរបស់សម្ដេចតេជោ ឱ្យទីម័រឡេស្តេ ឱ្យបានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ។ នេះបើយោងតាមការឱ្យដឹង របស់ឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីជំនួបពិភាក្សាការងាររបស់ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៥ នៅវិមានប្រធានាធិបតី ក្នុងខណៈដែលសម្ដេចតេជោ និងគណៈប្រតិភូអញ្ជើមកបំពេញទស្សកិច្ចផ្លូវការនៅទីម័រឡេស្តេ។

ក្នុងជំនួបនោះ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើមកបំពេញទស្សកិច្ចផ្លូវការនៅទីម័រឡេស្តេ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះរដ្ឋាភិបាលទីម័រឡេស្តេ និងឯកឧត្ដមប្រធានាធិបតី ដែលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ចំពោះសម្ដេចនិងគណៈប្រតិភូដែលបានមកកាន់ទីម័រឡេស្តេជាថ្មីម្ដងទៀត ដោយសម្ដេចបានរំលេចថា កាលពីឆ្នាំ២០១៦ សម្ដេចបានអញ្ជើញមកកាន់ទីម័រឡេស្តេម្ដងរួចមកហើយៗ នៅឆ្នាំ២០២៥នេះបានមកជាថ្មីម្ដងទៀត ដោយបានកត់សម្គាល់ពីភាពរីកចម្រើនរបស់ទីម័រឡេស្តេផងដែរ។

ក្នុងឱកានោះងដែរ សម្ដេចតេជោ ក៏បានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខរបស់ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្ដមប្រធានាធិបតីទីម័រឡេស្តេផងដែរ។ សម្ដេចតេជោ ក៏បានបញ្ជាក់ថា ការទទួលគណៈប្រតិភូក្នុងទម្រង់ដ៏អស្ចារ្យបែបនេះ មិនអាចធ្វើទៅបានឡើយ ប្រសិនបើទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំ មិនល្អប្រសើរនោះ។ សម្ដេចតេជោ ក៏បានលើកឡើងអំពីការពង្រឹងចំណងមិត្តភាព រវាងកម្ពុជា និងទីម័រឡេស្តេ ហើយសម្ដេចតេជោសង្ឃឹមថា ភាគីទាំងពីរ នឹងរួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងនេះបន្ថែមទៀត។

ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេលើកឡើងថា ប្រជាជន និងរដ្ឋាភិបាលទីម័រឡេស្តេ ក៏ដូចជា ឯកឧត្ដមផ្ទាល់ គឺមានកិត្តិយសដ៏ឧត្ដុងឧត្ដម ក៏ដូចជា មានមោទនភាព ដែលបានទទួលនូវវត្តមានរបស់សម្ដេចតេជោ និងគណៈប្រតិភូ និងបានលើកសរសើរអំពីឥស្សរភាពរបស់សម្ដេចតេជោ ដែលឯកឧត្តម ប្រធានាធិបតី បានចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដែលមានឥទ្ធិពលបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះឯកឧត្តម ក៏បានរំលេចអំពីពលីកម្មរបស់សម្ដេចតេជោ ក្នុងបុព្វហេតុដើម្បីកម្ពុជា ដោយបានរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងជាស្ថាបនិកកម្ពុជា ក្នុងសម័យទំនើប។ ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក៏បានរំលេចនូវការដឹងគុណជាថ្មីម្ដងទៀត ចំពោះសម្ដេចតេជោ ដែលបានជួយជ្រោមជ្រែងទីម័រឡេស្តេ ហើយសង្ឃឹមថាទីម័រឡេស្តេ នឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិនៅក្នុងពេលខាងមុខដ៏ឆាប់។
នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្ដីសង្ឃឹមផងដែរថា ទីម័រឡេស្តេ នឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិនៅពេលខាងមុខ ដោយសម្ដេចតេជោ បានបញ្ជាក់អំពីជំហរបស់កម្ពុជាគាំទ្រទីម័រឡេស្តេ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ សម្ដេចតេជោ ក៏បានលើកឡើងប្រៀបធៀបអំពីស្ថានភាពទីម័រនាពេលបច្ចុប្បន្ន និងស្ថានកម្ពុជាមុនចូលជាសមាជិកអាស៊ាននៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩នោះ គឺ GDP កម្ពុជា មានតែចំនួន ២៨១ ដុល្លារអាម៉េរិកប៉ុណ្ណោះសម្រាប់ប្រជាជនម្នាក់។ ប៉ុន្តែស្ថានភាពរបស់ទីម័រឡេស្តេ មានរហូតដល់ ១ ៤៥៣ ដុល្លារអាម៉េរិក សម្រាប់ប្រជាជនម្នាក់។ ដូច្នេះវាសក្ដិសមណាស់ដែលទីម័រឡេស្តេ ចូលសមាជិកពេញអាស៊ាន។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្ដូរទស្សនៈគ្នា ជុំវិញបញ្ហាតំបន់ និងពិភពលោកដែលកំពុងកើតមានផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បាននាំយក នូវការអញ្ជើញរបស់ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្រាប់ការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលសមស្របណាមួយផងដែរ៕
ដោយ៖ ជឹម ណារី





