ដំណើរទស្សនកិច្ចពិនិត្យការរៀន និងបង្រៀននៅក្លឹបកម្មវិធី «មនសិការពលរដ្ឋល្អ» វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រឹកថ្ងៃទី0៨ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះទស្សនកិច្ចពិនិត្យការរៀន និងបង្រៀននៃក្លឹបកម្មវិធី «មនសិការពលរដ្ឋល្អ» នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ដោយបានចូលសង្កេត និងសន្ទនាដោយផ្ទាល់ជាមួយគ្រូបង្គោល និងប្អូនៗសមាជិកក្លឹប ដើម្បីបានដឹងអំពីចំណាប់អារម្មណ៍មុន និងក្រោយពេលចូលរួមជាសមាជិកក្លឹប។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពីគុណតម្លៃនៃការសិក្សា ជាពិសេសបានប្រៀបធៀបអំពីប្រសិទ្ធភាពនៃការបង្រៀនដោយប្រើប្រាស់យុទ្ធវិធីបង្រៀនថ្មី ដែលត្រូវបានជ្រើសរើសមកអនុវត្តក្នុងការងាររៀន និងបង្រៀន ក្នុងមេរៀនមនសិការពលរដ្ឋល្អនេះ។ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចាប់យកការបង្រៀនបែបថ្មី ព្រមជាមួយការលើកទឹកចិត្តយកទៅអនុវត្តបន្តក្នុងថ្នាក់រៀន និងកោតសរសើរប្អូនៗជាសមាជិក ដែលបានស្ម័គ្រចិត្តចូលរៀនបំពេញបន្ថែមក្នុងកម្មវិធីមនសិការពលរដ្ឋល្អ។

គួរបញ្ជាក់ថា កម្មវិធី “មនសិការពលរដ្ឋល្អ” គឺជាការបណ្ដុះបណ្ដាលសមត្ថភាព ស្មារតី ឆន្ទៈ សេចក្ដីថ្លៃថ្នូរ និងភាពជាពលរដ្ឋល្អរបស់យុវជនសម្រាប់កម្ពុជា និងជាការផ្ដល់ឱកាសដល់យុវជនក្នុងការកសាងភាពជាពលរដ្ឋល្អ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងគោលបំណងកសាងកម្លាំងរួមជាធ្លុងមួយប្រកបដោយសាមគ្គីភាព ឯកភាពជាតិ និងសុខដុមនីយកម្មជាតិដើម្បីអនាគតកម្ពុជា។ កម្មវិធីនេះ គឺជាកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដោយកម្មវិធី “មនសិការពលរដ្ឋល្អ” បានចាប់ផ្តើមដំណើរការក្នុងភាពជាកម្មវិធីក្រៅម៉ោងសិក្សាសម្រាប់កម្រិតថ្នាក់ទី១០ និងទី១១ នៅវិទ្យាល័យគោលដៅចំនួន២១ នៅតាមបណ្តារាជធានី-ខេត្តចំនួន៧៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





