ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ភ្ញៀវជាតិ និងបរទេសទៅដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើនរហូតធ្វើឱ្យរាជធានីជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា ភ្ញៀវជាតិ និងបរទេសទៅដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street) យ៉ាងច្រើនកុះករ និងទទួលបានភាពពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ នេះជាការលើកឡើងរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម កើត ឆែ អភិបាលរង និងជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានយ៉ាងល្អប្រសើរ។

កិច្ចប្រជុំបានពិនិត្យ និងសម្រេចលើរបៀបវារៈមួយចំនួនផងដែរ ក្នុងនោះក្រុមប្រឹក្សារាជធានីភ្នំពេញបានប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ មួយរូប គឺឯកឧត្ដម អ៊ុក សុផល អតីតនាយកទីចាត់ការហិរញ្ញវត្ថុ ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជំនួសឯកឧត្ដម អ៊ាង ស៊ីផាន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានទទួលមរណភាព។ ក្នុងនោះ បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំឱ្យសមាជិកក្រុមប្រឹក្សាថ្មី អនុវត្តការងាររបស់ខ្លួនឱ្យបានល្អស្របតាមច្បាប់ជាធរមាន។បន្ថែមពីនេះទីចាត់ការធនធានមនុស្សត្រូវរៀបចំឯកសារ ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាថ្មីបានទៅប្រកាសទ្រព្យសម្បត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ។
ទន្ទឹមនឹងនេះ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍លើកឡើងថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញជាការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញពុះពារបន្ថែមទៀត ដើម្បីឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។ ដោយចំពោះការស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញរៀបចំចំណតបន្ថែមទៀត ដើម្បីទទួលភ្ញៀវទៅដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street) នោះ រដ្ឋបាលរាជធានីភ្នំពេញមិនអាចពង្រីកបន្ថែមចំពោះចំណតទៅតាមតម្រូវការភ្ញៀវទេសចរបានទេ ព្រោះសុទ្ធតែជាដីឯកជន។ រដ្ឋបាលរាជធានីភ្នំពេញបានលើកទឹកចិត្តឱ្យភ្ញៀវដែលទៅដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street) ប្រើប្រាស់មធ្យោបាយរួម៕
ដោយ សួស សំរិត





