សិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថល
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញបើកសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថល ដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជននៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំ យុវជន និងកីឡា នាកំពង់ស្ពឺ។ អក្ខរកម្មឌីជីថលគឺជាកម្មវិធីមួយដែលបានផ្តួចផ្តើមដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជននៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំ យុវជន និងកីឡា តាំងពីឆ្នាំ២០១៩ ក្នុងគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងស្តីពីការប្រើប្រាស់ប្រព័ន្ធឌីជីថលដល់យុវជនប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ អក្ខរកម្មឌីជីថលត្រូវធ្វើឡើងនៅខេត្តចំនួន៤គឺ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង កំពត និងខេត្តបន្ទាយមានជ័យ ដែលមានសិក្ខាកាមចូលរួមទាំងផ្ទាល់ និងអនឡាញសរុបចំនួន១២៨០នាក់។ កម្មវិធីនេះចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២៥ ដោយមានសកម្មភាពសំខាន់ៗចំនួន៤បន្តបន្ទាប់គ្នាសម្រាប់បំប៉នសមត្ថភាព និងអភិវឌ្ឍន៍បំណិនដល់យុវជន តាមរយៈវគ្គសិក្ខាសាលាបំប៉នសមត្ថភាពគ្រូបង្គោល វគ្គសិក្ខាសាលាបំប៉នសមត្ថភាពដល់សិក្ខាកាម វគ្គបង្រៀនបន្តរបស់សិក្ខាកាម និងវគ្គធ្វើបទបង្ហាញផ្តាច់ព្រ័ត្រ។

ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ក្នុងយុគឌីជីថលនេះចំណេះដឹងឌីជីថលពិតជាចាំបាច់ណាស់ក្នុងការសិក្សាក៏ដូចជាប្រកបការងារ ពោលគឺយើងពឹងផ្អែកស្ទើរតែទាំងស្រុងលើបច្ចេកវិទ្យាឌីជីថល ហើយបច្ចេកវិទ្យានេះបន្តអភិវឌ្ឍន៍ជារៀងរាល់ថ្ងៃ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលក៏អាចផ្តល់នូវផលប៉ះពាល់អវិជ្ជមានច្រើនដល់យុវជន ជាពិសេសមានករណីបទល្មើសបច្ចេកវិទ្យាកើតឡើងតាមរូបភាពផ្សេងៗគ្នាជាច្រើន ដែលយុវជនត្រូវស្វែងយល់ និងបញ្ចៀសពីហានិភ័យទាំងនេះ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





