ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូពីរជាន់ក្នុងស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង៩,៥០គីឡូម៉ែត្រ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ដើម្បីជំរុញឱ្យខេត្តកំពង់ធំកាន់តែរីកចម្រើនថែមទៀត រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងនោះ ផ្លូវ នៅតែជាគន្លឹះអាទិភាពដែលជួយឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមមានប្រសាសន៍បន្តថា ផ្លូវ១ខ្សែនេះជាផ្លូវសេដ្ឋកិច្ចមួយសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដែលតភ្ជាប់ពីភូមិឥន្ទកុមារ រហូតដល់ភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយក៏ជាផ្លូវសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរទៅលេងកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកផងដែរ។

ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់នេះឱ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ ម្យ៉ាងវិញទៀត សូមចូលរួមគោរពច្បាប់ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់។ បងប្អូនប្រជាពលរដ្ឋគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់កុំឱ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ៕


ដោយ ស៊ុម វណ្ណា





