ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ណែនាំឱ្យគ្រូពេទ្យយកចិត្តទុកដាក់ និងចាត់តំណាងចុះសួរសុខទុក្ខកម្មករ កម្មការិនីក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្រុងឧដុង្គម៉ែជ័យ
AKP កំពង់ស្ពឺ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាមួយអភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញពាក់ព័ន្ធ ប.ស.ស អាជ្ញាធរក្រុង និងស្រុកពាក់ព័ន្ធ បានអញ្ជើញសួរសុខទុក្ខ បងប្អូន កម្មករ កម្មការិនីដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះផងដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ និងការចូលរួមសោកស្តាយបំផុតពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ចំពោះឧបទ្ទេវហេតុដ៏សោកសៅនេះ។

តាមរយៈឯកឧត្តម ជាម ច័ន្ទសោភ័ណ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា "ក្រោយទទួលបានសេចក្តីរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅចំណុចផ្លូវជាតិលេខ៤៤ស្ថិតក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបណ្តាលឱ្យបងប្អូនកម្មករ កម្មការិនីស្លាប់១នាក់និងរបួស ធ្ងន់ ស្រាលជាច្រើននាក់ ខ្ញុំក៏បានចាត់តំណាងក្រុមការងារទៅសាកសួរសុខទុក្ខ និងតាមដានស្ថានភាពសុខភាពរបស់បងប្អូនកម្មករ កម្មការិនីយើង។ ខ្ញុំសូមជូនពរឱ្យបងប្អូនឆាប់បានជាសះស្បើយពីរបួស ដើម្បីឆាប់បានត្រលប់ទៅបំពេញការងារវិញ។ខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរពាក់ព័ន្ធ ក្រុមសង្គោះនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ដែលបានខ្នះខ្នែងជួយដល់បងប្អូន កម្មករ កម្មការិនីជូបហេតុការណ៍ដ៏សោកសៅនេះ"។

បន្ទាប់ពីសួរសុខទុក្ខរួចមក ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានចាត់ឱ្យឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាំយកថវិកា របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ទៅចូលរួមបុណ្យសពកម្មការិនី រងគ្រោះបាត់បង់ជីវិតស្ថិតនៅភូមិចំបក់ផ្អែម ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងផ្តាំផ្ញើរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពផងដែរ។

ចំពោះឧបទ្ទេវហេតុនេះផងដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការ ដើម្បីមកពិនិត្យស្ថានភាពជាក់ស្តែង នឹងផ្តាំផ្ញើការសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រី និងបានណែនាំឱ្យបេឡាជាតិសន្តិសុខសង្គម សហការជាមួយ រោងចក្រ សហគ្រាស ដែលបងប្អូន កម្មករ កម្មការិនី រងគ្រោះបំពេញការងារ ជួយសម្របសម្រួលឱ្យបងប្អូន នៅសម្រាកព្យាបាលរហូតដល់ជាសះស្បើយ ហើយបន្ទុកចំណាយទាំងអស់ គឺប.ស.ស ជាអ្នករ៉ាប់រង៕
ដោយ លឹម សាន្ត





