ពុទ្ធិកសិក្សាខេត្តបន្ទាយមានជ័យបើកបវេសនកាលឆ្នាំសិក្សាថ្មីប្រកបដោយក្ដីសង្ឃឹម
AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥-- ពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម វត្តបរមសុទ្ធាវាស ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីបើកបវេសនកាលពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ព្រះនាយកពុទ្ធិកវិទ្យាល័យវត្តរាជបូណ៌ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះថេរានុត្ថេរៈ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ លោក បៀវ ថាយ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសាមណសិស្សយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសដ៏មហោឡារិកនោះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានសព្វព្រះហឫទ័យប្រទានសង្ឃដីកាដ៏មានអត្ថន័យជ្រាលជ្រៅ ដោយសម្តេចបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសិក្សាពុទ្ធិកសាសនា ក្នុងការអភិវឌ្ឍបញ្ញាញាណ សីលធម៌ និងគុណធម៌ដល់សាមណសិស្ស ក៏ដូចជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សា និងលើកកម្ពស់តម្លៃព្រះពុទ្ធសាសនានៅក្នុងសង្គមជាតិ។ សម្តេចព្រះអង្គមានព្រះរាជបន្ទូលលើកទឹកចិត្តដល់សាមណសិស្សទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីក្លាយជាពុទ្ធសាវ័កដ៏ល្អ និងជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ។

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសរសើរចំពោះការរីកចម្រើននៃវិស័យពុទ្ធិកសិក្សានៅក្នុងខេត្ត និងបានថ្លែងអំណរគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកពុទ្ធសាសនា។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការបន្តគាំទ្រ និងលើកកម្ពស់វិស័យពុទ្ធិកសិក្សាឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានោះ លោក បៀវ ថាយ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃពុទ្ធិកសិក្សានៅក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងបានបង្ហាញពីតួលេខសាមណសិស្សដែលបានចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មីនេះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នេះ ពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម វត្តបរមសុទ្ធាវាស មានសាមណសិស្សសរុបចំនួន៦០១អង្គ/នាក់ដែលបង្ហាញពីការកើនឡើងនូវចំណាប់អារម្មណ៍ និងការចូលរួមយ៉ាងសកម្មពីសំណាក់កុលបុត្រខ្មែរក្នុងការសិក្សារៀនសូត្រនូវព្រះធម៌វិន័យ។ តួលេខនេះបានបង្ហាញយ៉ាងច្បាស់ពីការបន្តរីកចម្រើននៃវិស័យពុទ្ធិកសិក្សានៅខេត្តបន្ទាយមានជ័យ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ សីលធម៌ សម្រាប់សង្គមជាតិទាំងមូល។

សូមជម្រាបថា ពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៥-២០២៦ នៅពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម វត្តបរមសុទ្ធាវាស បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងពោរពេញដោយក្ដីសង្ឃឹម ដោយមានការប្ដេជ្ញាចិត្តរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់វិស័យពុទ្ធិកសិក្សាឱ្យកាន់តែរុងរឿង និងមានគុណភាពខ្ពស់បម្រើដល់សង្គមជាតិ៕

ដោយ ឈុន សារ៉ាត





