លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជំរុញឱ្យមន្ត្រីសុខាភិបាលទាំងអស់បង្កើនសមត្ថភាពចំណេះដឹង និងផ្តល់សេវាសុខាភិបាលឱ្យបានល្អ
AKP កំពង់ចាម ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥--
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញ និងសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ជាពិសេសមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់ បង្កើនសមត្ថភាពចំណេះដឹងចេះ បង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ដែលប្រជាពលរដ្ឋគោរពស្រឡាញ់។

ការថ្លែងដូចនេះក្នុងឱកាសដែលលោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការអញ្ជើញក្នុងកិច្ចប្រជុំស្តីពីការជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាព សេវាមណ្ឌលសុខភាពក្នុងខេត្តកំពង់ចាម នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅមន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួមពីលោក ហាន កុសល អភិបាលរងខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត គីម សួភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងលោក លោកអភិបាលក្រុង-ស្រុក លោក លោកស្រីមេឃុំ-ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព និងអ្នកពាក់ព័ន្ធជាច្រើននាក់។

លោកជំទាវវេជ្ជបណ្ឌិតបានស្នើសុំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិសេសមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ធ្វើយ៉ាងណា ខិតខំយកចិត្តទុកដាក់ ខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមណ្ឌលការងាររបស់ឱ្យបានល្អ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងជួយសង្គ្រោះប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ត្រូវបង្កើនសមត្ថភាពចំណេះដឹង និងត្រូវចេះប្រព័ន្ធឌីជីថល ដើម្បីឆ្លើយតបទៅតាមតម្រូវការនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ៕

ដោយ ឆាយ ម៉ុត





