សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានការកើនឡើងបន្ថែមទៀត ខណៈបច្ចុប្បន្នមានត្រឹមតែ ១ពាន់លានដុល្លារ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចង់ឃើញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានការកើនឡើងបន្ថែមទៀត ខណៈបច្ចុប្បន្នមានត្រឹមតែ ១ពាន់លានដុល្លារ។ នេះបើតាមការឱ្យដឹង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ដែលបានជួប ឯកឧត្តមសាជាថ្មី ដោយសម្ដេច ចាត់ទុកឯកឧត្តម មហាមេដ គឺជាមិត្តចាស់ ហើយសម្ដេច បានគូសបញ្ជាក់ថា ទំនាក់ទំនងរបស់សម្ដេច ជាមួយនឹងឯកឧត្តម ក៏ដូចជាជាមួយនឹងថ្នាក់ដឹកនាំនានារបស់ឥណ្ឌូណេស៊ី ក្លាយជាគំរូមួយដ៏ល្អ សម្រាប់អ្នកជំនាន់ក្រោយ ដោយសម្ដេចបានលើកឡើងថា ទំនាក់ទំនងទាំងសងខាង មិនត្រឹមតែជាទំនាក់ទំនងផ្លូវការទេ តែអ្នកជំនាន់ក្រោយ អាចបន្តបាន ដោយអនុវត្តន៍នូវទំនាក់ទំនងតាមអ្នកជំនាន់មុន ដែលមានទំនាក់ទំនងលើសពីផ្លូវការ ។ ត្រង់ចំណុចនេះ សម្ដេចតេជោបានបញ្ជាក់ដោយមានន័យថា ទំនាក់ទំនងលក្ខណៈឯកជនបន្ថែមទៀត ក្នុងគោលដៅដើម្បីឱ្យចំណងមិត្តភាពរវាងប្រទេស រួមនឹងប្រជាជន កាន់តែមានភាពជិតស្និទ្ធជាមួយគ្នា ។
ឯកឧត្តម មហាមេដ យូសុសកាឡា បានសម្តែងនៅក្តីអំណរអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម ក៏ដូចជាសហការី បានជួបសម្ដែងការគួរសម នៅក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញមកទស្សនកិច្ចការងារនៅក្នុងប្រទេសឥណ្ឌូណេស៊ី ។ ឯកឧត្តម ក៏បានរំលេចពីសារៈសំខាន់នៃកិច្ចពិភាក្សាការងាររបស់ឯកឧត្តមផ្ទាល់ ជាមួយនឹងសម្ដេចតេជោ ហើយឯកឧត្តម ឯកភាពគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ដែលការជួបគ្នានេះ មិនត្រឹមតែជាជំនួបផ្លូវការនោះទេ ប៉ុន្តែជំនួបខាងក្រៅ នឹងបង្កើនមិត្តភាពឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ហើយជំនួបបែបនេះ អ្នកជំនាន់ក្រោយ ត្រូវតែបន្ត ដើម្បីបន្ថែមទៀតសម្រាប់បង្កើនចំណងមិត្តភាព ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកជាមួយនឹងឯកឧត្តម មហាមេដ ពីស្ថានការណ៍ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ជាពិសេស ក្នុងបរិបទនៃពាណិជ្ជកម្ម ដែលសម្ដេចតេជោ បានរំលេចថា បច្ចុប្បន្ន កម្ពុជា និងឥណ្ឌូណេស៊ី មានពាណិជ្ជកម្មត្រឹមតែ ១ពាន់លានដុល្លារ។ ដូច្នេះសម្ដេចចង់ឃើញប្រទេសទាំងពីរ មានកំណើនពាណិជ្ជកម្មជាមួយគ្នា កើនឡើងបន្ថែមទៀត ហើយកាន់តែពិសេសនោះ គឺក្នុងអំឡុងពេល នៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលភ្ជាប់ជាមួយនឹងបញ្ហាភូមិសាស្ត្រនយោបាយបែបនេះ ប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ត្រូវតែរួមគ្នាបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្ម រួមទាំងកិច្ចសហការគ្នានៅក្នុងតំបន់អាស៊ានផងដែរ ។
ត្រង់ចំណុចនេះ ឯកឧត្តម មហាមេដ យូសុសកាឡា បានបង្ហាញការគាំទ្រ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ដោយឯកឧត្តម បានបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី បន្ថែមទៀត ជាពិសេស គឺពាណិជ្ជកម្ម ក្នុងនោះ ឯកឧត្តម បានលើកឡើងដោយចង់ឃើញនូវការជួបគ្នាជាញឹកញាប់ រវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគឥណ្ឌូណេស៊ី ដើម្បីផ្លាស់ប្ដូរ និងជជែកគ្នា និងបង្កើនបរិយាកាស នៃការធ្វើវិនិយោគទៅវិញទៅមក រួមទាំងការជជែកគ្នា ដើម្បីស្វែងរកនូវការពង្រីក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកពីដំណោះស្រាយមួយចំនួន នៅក្នុងបរិបទ នៃសង្គ្រាមពាណិជ្ជកម្មជាមួយនឹងឯកឧត្តម មហាមេដ ដោយតម្រូវឱ្យប្រទេសនៅក្នុងតំបន់អាស៊ាន ទាំងមូល មិនមែនតែកម្ពុជា និងឥណ្ឌូនេស៊ីនោះទេ គឺត្រូវធ្វើការរួមគ្នា ក្នុងការពង្រីកទីផ្សារក្នុងតំបន់នេះ ឱ្យកាន់តែធំឡើង ជាងការសម្លឹងមើលនៅទីផ្សារដែលឆ្ងាយពេក ប៉ុន្តែទីផ្សារនៅជិតខាងនេះ គឺមានសារៈសំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណាថែរក្សាបាននូវពាណិជ្ជកម្ម ឬក៏សេដ្ឋកិច្ចល្អរបស់អាស៊ានបន្តទៅមុខទៀត៕
ដោយ៖ ជឹម ណារី





