យុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀន ក្រោមប្រធានបទ "សុខភាពកុមារ និងជាតិដែក"
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥--
យុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀន ក្រោមប្រធានបទ "សុខភាពកុមារ និងជាតិដែក" បានធ្វើពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ យុទ្ធនាការនេះគឺជាគំនិតផ្តួចផ្តើមរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និងផ្សព្វផ្សាយការអនុវត្តសុវត្ថិភាពចំណីអាហារតាមសាលារៀននៅប្រទេសកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Danone ប្រចាំកម្ពុជា ដែលបានយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជនកម្ពុជា ក៏ដូចជាសិស្សានុសិស្ស តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនដែលនឹងផ្តល់ការអប់រំទៅដល់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតា បិតា សិស្សនុសិស្ស និងសាធារណជនឱ្យកាន់តែយល់ដឹងអំពីការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ៣ក្រុម អាហារថាមពល អាហារសាងសង់ និងអាហារការពារ (តិចខ្លាញ់ តិចអំបិល តិចស្ករ) អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី និងការចៀសវាងភេសជ្ជៈផ្អែម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជឿជាក់ថា យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀននឹងក្លាយជាវេទិកាមួយយ៉ាងសំខាន់ នៃការលើកកម្ពស់ការយល់ដឹងរបស់សិស្សលើផ្នែកសុវត្ថិភាពចំណីអាហារសម្រាប់ការវិនិយោគរយៈពេលវែងលើការអភិវឌ្ឍធនធានមនុស្ស។ យុទ្ធនាការនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពកុមារ និងជាតិដែក ការប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ភាពស្លេកស្លាំង និងការជំរុញភាពលូតលាស់ ក្នុងគោលដៅកសាងមូលធនមនុស្សជំនាន់ក្រោយប្រកបដោយសុខភាព ការអប់រំ និងភាពធន់ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយគុណភាព និងចីរភាព៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





