ពិធីសម្ពោធសាលាពុទ្ធិកសិក្សា ឆ្លងសមិទ្ធផល និងប្រគេនបណ្ណសរសើរដល់សមណនិស្សិត នៅវត្តទួលលក្ខរស្មីមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥--
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាគណសង្ឃនាយក វត្តទួលលក្ខរស្មីមានជ័យ (ទួលពង្រ) ស្ថិតនៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបុណ្យសម្ពោធឆ្លងសាលាពុទ្ធិកសិក្សា ឆ្លងសមិទ្ធផលនានា និងប្រគេនបណ្ណសរសើរសមណនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាលាពុទ្ធិកបឋមសិក្សា (សាលាបាលី) របស់វត្តយ៉ាងឱឡារិកនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការ ភ្ញៀវកិត្តិយស ព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានមានសង្ឃដីកាលើកឡើងអំពីគុណតម្លៃនៃការសិក្សា ជាពិសេសការសិក្សាព្រះធម៌វិន័យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សីលធម៌ ចរិយាធម៌ របស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល។ សម្តេចបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការវត្ត ព្រះសង្ឃ និងសប្បុរសជននានា ដែលបានរួមគ្នាកសាងសាលាពុទ្ធិកសិក្សា និងសមិទ្ធផលផ្សេងៗ នៅក្នុងវត្តទួលលក្ខរស្មីមានជ័យនេះ។
សម្តេចបានមានសង្ឃដីកាបន្ថែមថា ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការសិក្សា គឺជាកិច្ចការដ៏សំខាន់ក្នុងការលើកកម្ពស់បញ្ញាញាណ និងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ជាពិសេសសមណនិស្សិតដែលជាទំពាំងស្នងឫស្សី ក្នុងការបន្តព្រះពុទ្ធសាសនាឱ្យបានគង់វង្សយូរអង្វែង និងបានលើកទឹកចិត្តដល់សមណនិស្សិតដែលទទួលបានបណ្ណសរសើរឱ្យបន្តខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង ព្រះពុទ្ធសាសនា និងសង្គមជាតិ។

ទន្ទឹមនឹងនេះ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈររបស់វត្តទួលលក្ខរស្មីមានជ័យ ក្រោមការដឹកនាំរបស់ព្រះចៅអធិការ និងគណៈកម្មការវត្ត។ សមិទ្ធផលដែលសម្រេចបាននាពេលនេះ មិនត្រឹមតែជាមោទនភាពរបស់វត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពរបស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យទាំងមូលផងដែរ។
លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកស្ទួយសីលធម៌ គុណធម៌ និងវប្បធម៌ជាតិ។ លោកក៏បានថ្លែងអំណរគុណចំពោះព្រះសង្ឃ គណៈកម្មការវត្ត សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វត្តអារាមឱ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

លោក លៀម សុដា បានលើកឡើងបន្ថែមថា សាលាពុទ្ធិកសិក្សាដែលបានសម្ពោធឆ្លងនាពេលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានព្រះសង្ឃឱ្យមានចំណេះដឹងជ្រៅជ្រះទាំងផ្នែកព្រះធម៌ និងផ្នែកលោក ដើម្បីជាអ្នកបន្តវេនដឹកនាំសាសនា និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន។ លោកក៏បានជូនពរដល់សមណនិស្សិតដែលទទួលបានបណ្ណសរសើរ សូមឱ្យបន្តការសិក្សា និងក្លាយជាពុទ្ធសាសនិកដ៏ល្អ ជាពលរដ្ឋល្អរបស់ប្រទេសជាតិ៕
ដោយ ឈុន សារ៉ាត





