កងពលតូចថ្មើរជើងលេខ៥១ បង្កើនការប្រុងប្រយ័ត្ន ផ្សព្វផ្សាយពីវិធានការការពារជំងឺអង់ត្រាក់ដល់យោធិន
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥--
ក្នុងស្មារតីយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កងទ័ព ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងលោកវរសេនីយ៍ត្រី ង៉ាត ងួន នាយការិយាល័យសុខាភិបាល ធ្វើការអប់រំផ្សព្វផ្សាយយ៉ាងសកម្មអំពីវិធានការការពារជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងតាមបណ្ដាវរសេនាតូច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងពល ដោយការផ្សព្វផ្សាយនេះបានធ្វើឡើងនៅថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ។

លោកវរសេនីយ៍ត្រី ង៉ាត ងួន នាយការិយាល័យសុខាភិបាលកងពលតូចថ្មើរជើងលេខ៥១ បានឱ្យដឹងថាការចាត់វិធានការនេះ កើតឡើងស្របពេលដែលមានការផ្ទុះឡើងនៃជំងឺអង់ត្រាក់ ឬហៅថាពិសធ្យូង ថ្មីៗនេះនៅប្រទេសជិតខាង និងបណ្ដាប្រទេសមួយចំនួន ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឆ្លងរាលដាលនៃជំងឺដ៏គ្រោះថ្នាក់នេះ ទាំងលើមនុស្ស និងសត្វ។ ជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ គឺជាប្រភេទជំងឺឆ្លងពីសត្វមកមនុស្ស ដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះថា Bacillus anthracis ដែលបង្កើតជាស្ព័រ។ សត្វដែលងាយរងគ្រោះ និងជាប្រភពចម្លងដ៏សំខាន់នៃជំងឺនេះ រួមមាន គោ ក្របី ចៀម ពពែ និងសត្វព្រៃផ្សេងៗទៀត។

លោកវរសេនីយ៍ត្រីបានពន្យល់យ៉ាងក្បោះក្បាយអំពីយន្តការនៃការចម្លងជំងឺនេះ ដល់កងទ័ពឱ្យបានយល់ច្បាស់។ មនុស្សអាចឆ្លងជំងឺអង់ត្រាក់តាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងសត្វដែលមានរោគសញ្ញាជំងឺអង់ត្រាក់។ បរិភោគសាច់សត្វដែលមានជំងឺ ជាពិសេសសាច់ឆៅ ឬសាច់ដែលចម្អិនមិនបានត្រឹមត្រូវ។ ការដកដង្ហើមស្រូបចូលនូវពពួកស្ព័រ (spore) នៃបាក់តេរី ដែលបង្កជំងឺចូលទៅក្នុងផ្លូវដង្ហើម។ លោកបានសង្កត់ធ្ងន់ថា ជំងឺអង់ត្រាក់អាចបណ្ដាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានផ្ដាំផ្ញើដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយសារអប់រំនេះដល់យោធិនទាំងអស់ឱ្យបានជ្រួតជ្រាប និងយល់ច្បាស់អំពីគ្រោះថ្នាក់នៃជំងឺអង់ត្រាក់ និងវិធីការពារខ្លួន។ លោកបានណែនាំឱ្យកងទ័ពទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺដ៏គ្រោះថ្នាក់នេះ នៅក្នុងអង្គភាព និងសហគមន៍។
ការចាត់វិធានការដ៏ទាន់ពេលវេលានេះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ ក្នុងការថែរក្សាសុខភាព និងសុវត្ថិភាពរបស់កងទ័ព ដែលជាកម្លាំងស្នូលក្នុងការការពារជាតិ និងសន្តិសុខសង្គម៕
ដោយ ឈុន សារ៉ាត





