ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា២០២៥-២០២៦ នៅវត្តឥន្ទ្រីយ៍សំវរៈ
AKP កំពង់ធំ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា២០២៥-២០២៦ នៅវត្តឥន្ទ្រីយ៍សំវរៈ (វត្តកំពង់ធំ) នៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការនិមន្តចូលរួមពីសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះអគ្គាធិការរងព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ព្រមទាំងសមណសិស្សជាច្រើនអង្គ។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា ជាប្រមុខដឹកនាំប្រទេសដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំង ជំរុញឱ្យមានការផ្សព្វផ្សាយ បញ្ជ្រាបនូវទ្រឹស្ដីព្រះពុទ្ធសាសនា យកទៅអនុវត្តជាក់ស្តែងដើម្បី មានការឯកភាពគ្នា រវាងព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការប្រតិបត្តិព្រះធម៌ និងព្រះវិន័យរបស់ព្រះ សម្មាសម្ពុទ្ធ បរមគ្រូនៃយើង ដែលបានបន្សល់ទុកអស់រយៈពេល២៥៦៧ព្រះវស្សាកន្លងមកហើយ។ ដោយផ្សារភ្ជាប់ជាមួយពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា២០២៥-២០២៦ ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់មន្ទីរ ធម្មការ និងសាសនាខេត្តកំពង់ធំ និងសាលាគណខេត្ត ដែលបាន និងកំពុងខិតខំអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមចំណែកក្នុងការកសាងធនធានមនុស្សក្នុងជួរព្រះសង្ឃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់ ដែលជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងផ្តល់នូវការវិភាជន៍ថវិកាជាតិ សម្រាប់អភិវឌ្ឍវិស័យពុទ្ធិកសិក្សា។

ឯកឧត្តមអភិបាលខេត្តបានបន្តថា វិស័យពុទ្ធិកសិក្សានេះ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ បានដើរតួរយ៉ាងសំខាន់ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសកុលបុត្រ ដែលបានចូលមកបួសក្នុងព្រះពុទ្ធសាសនា។ តាមរយៈវិស័យពុទ្ធិកសិក្សានេះ ប្រទេសជាតិយើងទទួលបាន នូវអ្នកមានចំណេះដឹងជាច្រើនរូប ដែលជាសរសរទ្រូងដ៏រឹងមាំ ចូលរួមចំណែកថែរក្សា ការពារវប្បធម៌ អរិយធម៌ ប្រពៃណីជាតិ តាមគន្លងព្រះពុទ្ធសានា ដែលជាអត្តសញ្ញាណជាតិខ្មែរយើង។ ដូច្នេះការយកចិត្តទុកដាក់ចំពោះវិស័យ ពុទ្ធិកសិក្សាជាការចាំបាច់ដែលត្រូវពង្រីក និងពង្រឹងពីទីក្រុងរហូតដល់ជនបទ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ)





