ផ្លែឈើព្រៃជាអនុផលព្រៃឈើដែលនាំចំណូលបន្ថែមសម្រាប់ពលរដ្ឋនៅតំបន់អង្គរ
AKP សៀមរាប ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥--
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរទៅទស្សនាប្រាសាទអង្គរវត្តតាមបណ្តោយផ្លូវកូម៉ៃ នឹងឃើញផ្លែឈើព្រៃជាច្រើនមុខត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់អង្គរយកមកដាក់លក់ ដោយខ្លះចងជាចង្កោម ខ្លះលក់ជាគីឡូក្រាម ដោយមានផ្លែគុយ សិរមាន់ គូលែន និងផ្ញៀវ ជាផ្លែឈើព្រៃពេញនិយមជាងគេនារដូវនេះ។

ផ្លែគុយ ផ្លែសិរមាន់ ផ្ញៀវ និងផ្លែឈើព្រៃមួយចំនួនទៀត បានចាប់ផ្តើមប្រមូលផលហើយ ដែលនេះសុទ្ធសឹងជាអនុផលពីព្រៃឈើក្នុងរមណីយដ្ឋានអង្គរ និងមកពីភ្នំគូលែន។ អនុផលទាំងនោះបានផ្តល់ជាចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ ប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរចាប់ផ្តើមប្រមូលផលផ្លែឈើព្រៃនៅតំបន់ជុំវិញ យកលក់ដូរនៅតាមផ្លូវក្បែរប្រាសាទ ដែលគេឃើញច្រើនជាងគេ គឺនៅតាមទៅផ្លូវប្រាសាទអង្គរវត្ត ដូចជាផ្លូវកូម៉ៃជាដើម។

អ្នកស្រី សេង ស្រីមួយ អ្នកលក់ផ្លែឈើព្រៃនៅតាមបណ្តោយផ្លូវកូម៉ៃក្នុងតំបន់អង្គរ បានឱ្យដឹងថា អ្នកស្រីមកលក់អនុផលព្រៃឈើនៅតំបន់អង្គរនេះ ជាយូរឆ្នាំមកហើយ អនុផលព្រៃឈើដែលយកមកលក់ គឺទៅតាមរដូវកាល។ ជាក់ស្តែងរដូវកាលនេះ គឺផ្លែឈើព្រៃមាន គុយ សិរមាន់ គូលែន និងផ្ញៀវ ហើយផ្លែឈើព្រៃទាំងនេះ អ្នកស្រីមិនបានទៅបេះផ្ទាល់នោះទេ គឺអ្នកស្រីប្រមូលទិញពីប្រជាពលរដ្ឋ ដែលមានមួយចំនួនពួកគាត់បេះមកពីក្នុងព្រៃក្នុងតំបន់អង្គរ និងមួយចំនួនទៀតពួកគាត់បេះមកពីភ្នំគូលែន។

អ្នកស្រីបានបន្តថា បច្ចុប្បន្ននេះផ្លែឈើព្រៃមាន គុយ សិរមាន់ គូលែន និងផ្ញៀវ គឺកំពុងតែសម្បូរ និងពេញនិយមជាងគេនារដូវនេះ ដោយថ្ងៃធម្មតាក្នុង១ថ្ងៃ អ្នកស្រីលក់បានពី៥០ ទៅ៨០គីឡូក្រាម និងថ្ងៃសៅរ៍អាទិត្យគាត់អាចលក់បានពី៨០ ទៅ១០០គីឡូក្រាម ដោយទទួលបានប្រាក់ចំណូលគួរសម សម្រាប់ជួយដល់ជីវភាពគ្រួសារប្រចាំថ្ងៃ។ សម្រាប់តម្លៃវិញ គុយ១គីឡូក្រាម តម្លៃ១៥០០០រៀល គូលែន១គីឡូក្រាមចាប់ពី១៨០០០ ទៅ២០០០០រៀល និងផ្លែឈើផ្សេងៗទៀត លក់ទៅតាមភាពជាក់ស្តែង។
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋមកពីរាជធានីដែលបានចុះទិញផ្លែឈើព្រៃទាំងនេះ ក៏បានលើកឡើងថា ផ្លែឈើព្រៃទាំងនេះពិតជាមានរសជាតិឆ្ងាញ់ ហើយសម្រាប់អ្នកមកលេងអង្គរកុំភ្លេចចូលទិញ។ ព្រៃឈើបានផ្តល់ប្រយោជន៍ជាច្រើនដល់យើង ដូចនេះសូមកុំទៅកាប់បំផ្លាញព្រៃដោយចាំទទួលផលរបស់វាបែបនេះទើបប្រសើរ៕
ដោយ ឃុត សៅ





