ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ ជំរុញឱ្យមន្ទីរកសិកម្មខេត្តកំពង់ស្ពឺយកចិត្តទុកដាក់ផលិតកម្មស្រូវផ្ការំដួល និងការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួល
AKP កំពង់ស្ពឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ យកចិត្តទុកដាក់ផលិតកម្មស្រូវផ្ការំដួល និងការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួល ក្នុងកិច្ចប្រជុំរៀបចំផែនការផលិតកម្មស្រូវផ្ការំដួល ការកសាងប្រព័ន្ធពូជសុទ្ធស្រូវផ្ការំដួល និងការរៀបចំស្រែបង្ហាញ ដើម្បីវាយតម្លៃលើសក្តានុពលផលិតកម្មស្រូវផ្ការំដួល កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ។

ជាមួយនោះដែរ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់មន្ទីរកសិកម្មខេត្តប្រញាប់ប្រញាល់ចូលរួមបង្កើតសហគមន៍កសិកម្មទំនើប និងជ្រើសរើសនៅក្នុងការប្រើប្រាស់នូវពូជស្រូវសែនក្រអូបនិងផ្ការំដួល ដែលជាពូជស្រូវក្នុងស្រុកដែលធានាលំនឹងទីផ្សារ មានអ្នកទិញច្បាស់លាស់ ហើយទទួលបានតម្លៃខ្ពស់ ក្នុងចន្លោះពី១២៥០រៀល ដល់១៣៥០រៀលក្នុងមួយគីឡូក្រាម និងបានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិតមានផែនការផលិតកម្មច្បាស់លាស់។ ផលិតតាមតម្រូវការទីផ្សារមានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា សហគមន៍កសិកម្មទំនើបនេះទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្មតាមរយៈមន្រ្តីកសិកម្មឃុំ និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម ប្រការសំខាន់ត្រូវមានការសហការរួមគ្នាកសាងទំនុកចិត្តជាមួយគ្នា គោរពច្បាប់លក្ខន្តិកៈរបស់សហគមន៍ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ចនិងមាននិរន្តរភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានជំរុញ និងគាំទ្រឱ្យមន្ទីរកសិកម្មរៀបចំបង្កើតសហគមន៍កសិកម្មដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ព្រោះថាការដាំបន្លែក្នុងផ្ទះសំណាញ់ធន់នឹងបម្រែបម្រួលអាកាសធាតុ មិនពិបាកថែទាំ ហើយចំណាយពេលវេលាតិច ទទួលបានទិន្នផលខ្ពស់ ពិសេសគ្មានសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ការដាំបន្លែសរីរាង្គ គឺមានការរីកលូតលាស់ច្រើន ដែលមានតាមរយ:គម្រោង និងកម្មវិធីផ្សេងៗ ក្នុងការជួយគាំទ្រ ក្នុងនោះយើងត្រូវក៏សង់ផ្ទះសំណាញ់ជូនប្រជាកសិករ គាត់ដាំក្នុងផ្ទះសំណាញ់ ដែលផលដំណាំនៅក្នុងផ្ទះសំណាញ់វាល្អ ហើយវាមានសុវត្ថិភាព ដែលជាហេតុជម្រុញអោយពួកគាត់អាចដាំបានពេញមួយឆ្នាំ ម្យ៉ាងទៀតឃើញថាបន្លែ គឺមានការពេញនិយម និងកំពុងតែរីកផុសផុលហើយក្នុងខេត្តកំពង់ស្ពឺ និងមិនមានបញ្ហាអ្វីទេ។

មន្ទីរកសិកម្មខេត្តរៀបចំឱ្យមានទីផ្សាររួមរបស់សហគមន៍មួយដើម្បីឱ្យមានការប្រមូលផ្តុំកសិផល បង្កភាពងាយស្រួលទៅដល់ដៃគូ អ្នកទទួលទិញ មានទីតាំងមួយពិតប្រាកដ បរិមាណបន្លែជាក់លាក់ជាប្រចាំ នៃកសិផលដែលយើងបានផលិត និងងាយស្រួលនាំចេញទៅខាងក្រៅបាន៕
ដោយ លឹម សាន្ត





