ខេត្តកំពង់ស្ពឺបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦នៃពុទ្ធិកសិក្សា នៅវត្តមុនីរង្សីរតនារាម
AKP កំពង់ស្ពឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥-- ខេត្តកំពង់ស្ពឺបានធ្វើពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦នៃពុទ្ធិកសិក្សា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២0២៥ នៅវត្តមុនីរង្សីរតនារាម ក្រោមអធិបតីភាពសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចសង្ឃនាយករងទី១ និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អភិបាលរងខេត្ត ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះសង្ឃ លោកអាចារ្យគណៈកម្មការ សមណសិស្ស ប្រជាពលរដ្ឋជាច្រើនអង្គ/នាក់។

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានចូលរួមអនុមោទនាត្រេកអរ និងសម្តែងមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងខេត្តកំពង់ស្ពឺ ដែលជាមរតកសាសនាដ៏មានតម្លៃភ្ជាប់ទៅនឹងព្រលឹងបុព្វបុរសរបស់ជាតិ ក្នុងអតីតកាល ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាង សមិទ្ធផលនានានៅទូទាំងខេត្ត ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាដើម្បីបម្រើជាឧត្តមប្រយោជន៍រួមសម្រាប់វិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី បានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីដឹកនាំនាវាកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែង វិស័យព្រះពុទ្ធសាសនា បានរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិជួយកាត់បន្ថយភាពក្រីក្រ។ វិស័យព្រះពុទ្ធសាសនា ទីវត្ដអារាម គឺជាថ្នាលបណ្តុះបណ្ដាលព្រះសង្ឃ និងគ្រហស្ថ ដែលជាកូនចៅប្រជាពលរដ្ឋក្រីក្ររបស់យើងទាំងអស់គ្នា។ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមកសាងផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ពិសេសជាកន្លែងអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទ និងមហាជនទូទៅឱ្យបានចំណេះដឹងខ្ពង់ខ្ពស់ទៅថ្ងៃអនាគត ជូនកូនចៅជំនាន់ក្រោយៗរបស់យើងផងដែរ។

ជាមួយគ្នានេះ យុវជនជំនាន់ក្រោយមានភ័ព្វសំណាងណាស់ដែលបានរស់នៅក្នុងសង្គមមួយប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន ដូច្នេះសូមខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់សិក្សារៀនសូត្រ កសាងលត់ដំខ្លួនឱ្យក្លាយជាធនធានមានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ ដើម្បីឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ អាណាព្យាបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំជាតិជាច្រើន ដែលបានតស៊ូលះបង់ប្រកបដោយពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព និងសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន។

សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក មានថេរដីកាថា នៅសម័យបុរាណកាលកម្ពុជាយើងសាលារៀនមានតែនៅក្នុងវត្តតាំងពីកម្រិតបឋមរហូតដល់វិទ្យាល័យ ហើយព្រះសង្ឃព្រះពុទ្ឋសាសនាតែងតែមានវត្តមានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ព្រោះព្រះពុទ្ឋសាសនាជាទីពឹងទីពំនាក់ និងបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស អប់រំសីលធម៌ ចរិយាធម៌ ទៅដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ មានន័យថា បានជួយផលិតពលរដ្ឋល្អជូនសង្គមជាតិជាបន្តបន្ទាប់រៀងមក។ ដោយឡែក សម័យបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបង្កើតសាលានៅតាមមូលដ្ឋាននានាដើម្បីឱ្យកូនខ្មែរបានសិក្សារៀនសូត្រទទួលបានចំណេះដឹងខ្ពង់ខ្ពស់។ ចំណែកអ្នកបួសកាលណាបួសហើយបានរៀនសូត្រទើបសមជាសមណអ្នកបួស និងមានតម្លៃ។
ទន្ទឹមនឹងនេះ សម្តេចក៏បានផ្តាំផ្ញើដល់សាមណសិស្សទាំងអស់ត្រូវយកព្រះទ័យទុកដាក់ខិតខំសិក្សារៀនសូត្រឱ្យបានចប់ចុងចប់ដើមដូចខាងអាណាចក្រ គោរពវិន័យនិងពេលវេលារៀនសូត្រឱ្យបានហ្មត់ចត់ ពីព្រោះមនុស្សមានតម្លៃដោយសារវិជ្ជា បើគ្មានវិជ្ជាគ្មានចំណេះដឹងទេយើងនឹងក្លាយជាមនុស្សគ្មានតម្លៃនៅក្នុងសង្គមមនុស្សឡើយ។

សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត បានធ្វើការសំណូមពរដល់ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការគ្រប់វត្ត មេត្តាបន្តជួយជ្រោមជ្រែង ឧបត្ថម្ភ គាំទ្រ វិស័យពុទ្ធិកសិក្សា ឱ្យបានខ្លាំងក្លាបន្ថែមទៀត និងជួយជំរុញឱ្យកុលបុត្រខ្មែរ ដែលបានបួសហើយ ឱ្យបានចូលសិក្សារៀនសូត្រ ក្នុងប្រព័ន្ធពុទ្ធិកសិក្សា ព្រោះថា ពុទ្ធិកសិក្សា ជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា និងបានស្នើដល់ព្រះមេគណទាំងពីរគណៈ សូមណែនាំដល់គ្រប់វត្តអារាមទូទាំងខេត្តឱ្យបន្តនូវសាមគ្គីភាព ដើម្បីធ្វើជាគំរូល្អដល់ពុទ្ធសាសនិក សំដៅលើកកម្ពស់ ការប្រតិបត្តិព្រះពុទ្ធសាសនា និងគុណតម្លៃផ្នែកសីលធម៌ វប្បធម៌ និងអត្តសញ្ញាណរបស់ជាតិយើងឱ្យបានថ្កុំថ្កើង និងគង់វង្សស្ថិតស្ថេរចីរកាល៕
ដោយ លឹម សាន្ត





