មន្ទីរកិច្ចការនារីខេត្តកំពង់ធំបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីសិទ្ធិស្រ្តី សិទ្ធិកុមារ និងការបញ្រ្ជាបយេនឌ័រ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅស្រុកសន្ទុក
AKP កំពង់ធំ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥-- មន្ទីរកិច្ចការនារីខេត្តកំពង់ធំសហការជាមួយគម្រោងQSA អាជ្ញាធរស្រុក និងឃុំ រៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីសិទ្ធិស្ត្រី សិទ្ធិកុមារ និងការបញ្រ្ជាបយេនឌ័រ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅឃុំទីពោ និងតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី ឡេង សុក្ខី អភិបាលរងនៃគណៈអភិបាលស្រុក ដោយមានការចូលរួមពីមន្ត្រីមន្ទីរកិច្ចការនារីខេត្ត មេឃុំ មេប៉ុស្តិ៍ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើននាក់។

វគ្គផ្សព្វផ្សាយនេះរៀបចំឡើងនៅពីរទីតាំងផ្សេងគ្នា ដោយពេលព្រឹកនៅវត្តទីពោ ឃុំទីពោ ដែលមានអ្នកចូលរួមចំនួន១០០នាក់ (ស្រី៦៧នាក់) និងពេលរសៀលនៅវត្តសង់ឃ្លាំងឃុំតាំងក្រសាំងមានអ្នកចូលរួមចំនួន១០១នាក់ (ស្រី៧៩នាក់)។

លោកស្រី ស៊ិន ស៊ីផាន បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងព្រមទាំងបានលើកឡើងនូវខ្លឹមសារសំខាន់ៗពីអត្ថន័យនៃសិទ្ធិស្ត្រី សិទ្ធិកុមារ និងសារៈប្រយោជន៍នៃការបញ្រ្ជាបយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីដែលជាចំណុចរសើបមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងគ្រួសារ និងសហគមន៍ ព្រោះកុមារគឺជាទំពាំងដែលនឹងក្លាយខ្លួនជាឫស្សី។ ដូច្នេះប្រសិនបើទំពាំងដែលជាកុមារនោះមិនលូតលាស់បានល្អ គ្រួសារ សហគមន៍ និងសង្គមជាតិមិនមានការអភិវឌ្ឍឡើយ។ ចំណែកគ្រួសារវិញ បើមានអ្នករកចំណូលតែម្ខាង ដោយមិនមានការរួមចំណែកពីស្ត្រីនោះតើអាចធ្វើឱ្យជីវភាពគ្រួសារធូរធារដែរឬទេ?។ ហេតុដូច្នេះហើយទើបស្រ្តី និងកុមារមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមគ្រួសារ និងសហគមន៍ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍ និងធ្វើឱ្យមានស្ថេរភាពសន្តិសុខកាន់តែប្រសើឡើងក្នុងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះ លោកស្រីប្រធានមន្ទីរបានលើកទឹកចិត្តឱ្យស្រ្តីគ្រប់រូបត្រូវតាមដានសុខភាពស្រ្តីជាពិសេសមហារីកមាត់ស្បូន និងរោគស្រ្តីនានា ក៏ដូចជាការថែរក្សាសុខភាព និងអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃហើយសូមអាណាព្យាបាលគ្រប់រូបថែទាំ និងគ្រប់គ្រងកូនចៅឱ្យបានល្អជាពិសេសកូនស្រីកុំឱ្យមានបញ្ហាអ្វីកើតឡើង។ ពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ការលើកកម្ពស់ស្រ្តី និងក្មេងស្រ្តីឱ្យទទួលបានឱកាសស្មើគ្នាក្នុងការទទួលបានការការពារ និងផលប្រយោជន៍នានា៕


ដោយ ស៊ុម វណ្ណា





