លោកឧកញ៉ា ស្រី ចាន់ថន បរិច្ចាគ ២០លានរៀល និងអង្ករ២០តោន ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥--លោកឧកញ៉ា ស្រី ចាន់ថន តំណាងក្រុមគ្រួសារក្រុមហ៊ុន 9NG និងជាប្រធានក្លឹបគុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបានបរិច្ចាគថវិកាចំនួន ២០ ០០០ ០០០ រៀល និងអង្ករចំនួន ២០តោន ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ពិធីប្រគល់ និងទទួលនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥រវាងលោកឧកញ៉ា ស្រី ចាន់ ថន និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្តកណ្តាល ហើយឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះលោកឧកញ៉ា ស្រី ចាន់ថន ចំពោះទឹកចិត្តដ៏សប្បុរសនេះ។ អំណោយរបស់លោកឧកញ៉ា ស្រី ចាន់ថន ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល គឺជាការរួមចំណែកមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះមហន្តរាយផ្សេងៗ និងក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាព និងមានភាពធន់នឹងអាកាសធាតុ»។

ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារតាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយជនដែលខ្វះខាត។តាមរយៈការរួមចំណែកបរិច្ចាគថវិកានេះ គឺដើម្បីឱ្យសមាគមជាតិមួយនេះ មានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ។

គួររម្លឹកថា លោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លឹបគុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបានទទួលជោគជ័យលើឆាកអន្តរជាតិសម្រាប់ប្រទេសកម្ពុជា ដោយលោកបាននាំយកខ្សែក្រវាត់ WBC KUN KHMER របស់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) មកដល់ទឹកដីកម្ពុជាយ៉ាងអធិកអធមផងដែរ កន្លងទៅថ្មីៗនេះ។ ជាមួយគ្នានេះ លោកឧកញ៉ាតែងតែខិតខំប្រឹងប្រែងរួមចំណែកផលិតធនធានកីឡាករ កីឡាការិនីគុនខ្មែរ ក្នុងការជួយជ្រោងដល់ដំណើរការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរីកចម្រើនផងដែរ។ ក្នុងពេលដំណាលគ្នានេះ លោកឧកញ៉ា ស្រី ចាន់ថន ក៏តែងតែបានជួយឧបត្ថម្ភគាំទ្រជាថវិកា អង្ករ សម្ភារផ្សេងៗជូនដល់កីឡាករ កីឡាការិនី ក៏ដូចជាក្លឹបគុនខ្មែរដែលខ្វះខាតផងដែរ៕

ដោយ ហេង ណាលីន





