ឯកឧត្តម ចាន់ ស៊ីណាត៖ អណ្ដូងទឹកថ្មី និងផ្លូវបេតុងថ្មីជួយឱ្យសុខភាពសុខុមាលភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង
AKP កំពង់ធំ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បានមានប្រសាសន៍ ថា អណ្ដូងទឹកថ្មី និងផ្លូវបេតុងថ្មីជួយឱ្យសុខភាព សុខុមាលភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅឃុំចំណាលើកាន់តែប្រសើរឡើង ក្នុងឱកាសដែលឯកឧត្តម និងសហការីបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវបេតុងថ្មី និងស្នាក់ការគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំចំណាលើស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម ចាន់ ស៊ីណាត បានមានប្រសាសន៍បន្ថែមថា អណ្តូងទឹកថ្មីនេះនឹងជួយឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានទឹកប្រើប្រាស់គ្រប់គ្រាន់ដែលជាការឆ្លើយតបទៅនឹងកង្វះខាតទឹកកន្លងមកជាពិសេសអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ស្រោចស្រពច្បារដំណាំ ព្រមទាំងសម្រាប់ទ្រទ្រង់សុខភាពទូទៅផងដែរហើយអាចបង្កើនសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ឱ្យកាន់តែល្អប្រសើរជាងមុន។

ទន្ទឹមនឹងនេះ ឯកឧត្តម ចាន់ ស៊ីណាត បានណែនាំដល់ក្រុមបច្ចេកទេស ក្រុមជាងត្រូវខិតខំពន្លឿន ការសាងសង់ផ្លូវនេះឱ្យបានឆាប់រហ័ស និងតាមបទដ្ឋានបច្ចេកទេសសំណង់ ដើម្បីឆាប់បានជូនពុកម៉ែបងប្អូនបានប្រើប្រាស់បានទាន់មុនរដូវវស្សាមកដល់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរ និងរង់ចាំការប្រើប្រាស់ផ្លូវនេះរហូតដល់ក្រុមបច្ចេកទេសបានអនុញ្ញាតឱ្យប្រើប្រាស់។

ជាមួយគ្នានេះដែរ ឯកឧត្តមបានអំពាវនាវដល់សិស្សានុសិស្សដែលប្រើប្រាស់ផ្លូវ បើកបរទោចក្រយានយន្តនៅលើផ្លូវនេះដោយប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ និងថែរក្សាសុវត្ថិភាពខ្លួនឯង ព្រមទាំងអ្នកធ្វើដំណើរផងទាំងឡាយ និងបានណែនាំដល់ក្រុមការងារសូមសម្របសម្រួលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអាចប្រើប្រាស់ស្នាក់ការគណបក្សជាកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យទាន ពិធីមង្គលការឬពិធីជួបជុំផ្សេងៗបានតាមតម្រូវការជាក់ស្តែង។

សូមបញ្ជាក់ថា ក្នុងពេលពិនិត្យមើលវឌ្ឍនភាពសាងសង់ស្នាក់ការគណបក្ស និងផ្លូវបេតុងប្រវែងជាង១០គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្រាស់០,២ម៉ែត្រ ឯកឧត្តម ចាន់ ស៊ីណាត បានប្រកាសជូនអណ្ដូងខួងចំនួន៣ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើផងដែរ៕
ដោយ ស៊ុម វណ្ណា





