ក្រសួងប្រៃសណីយ៍បង្ហាញលទ្ធផលការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥-- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ បានជូនដំណឹងដល់សាធារណជន នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថា ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២ ១០២ ដែលបានផ្ញើមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ គណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនចំនួន១០រូប ជាបេក្ខជនជាប់ជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនេះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។

បេក្ខជនជ័យលាភីបានឆ្លងកាត់ដំណាក់កាលទី២ ដោយមានការសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើការបកស្រាយពន្យល់ខ្លឹមសារនៃសំបុត្ររបស់បេក្ខជនទាំង១០រូបរួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនជ័យលាភីចំនួន៣រូប៖ ទី១. បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ កុមារី ប៉ូ មុនីណាតាលី មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ ទី២. បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ២ កុមារី ភោគ បុញ្ញតា មកពីសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៣ ខេត្តកណ្តាល និងទី៣. បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ៣ កុមារី ស្រឿន ស្រីគីម មកពីវិទ្យាល័យតាមាង ខេត្តកំពង់ចាម។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបញ្ជូនសំបុត្រដែលទទួលបានជ័យលាភីលេខ១ ជាតំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក UPU ចំនួន ១៩២ប្រទេស៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





