ឧត្តមសេនីយ៍ទោ ហេង សុផលជំរុញដល់ក្រុមគ្រួសារមន្ត្រីនគរបាលពលីមរណៈ បើមានបញ្ហាប្រឈមផ្សេងៗសូមទំនាក់ទំនងមកថ្នាក់ដឹកនាំដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា
AKPកំពង់ធំថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តនិងជាប្រធានគណ:កម្មាធិការមូលដ្ឋានបានជំរុញដល់ក្រុមគ្រួសារមន្ត្រីនគរបាលពលីមរណៈបើមានបញ្ហាប្រឈមផ្សេងៗសូមទំនាក់ទំនងមកថ្នាក់ដឹកនាំដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលាក្នុងឱកាសអញ្ជើញជួបសំណេះសំណាលប្រគល់ថវិកាគោលនយោបាយជូនគ្រួសារ មន្ត្រីនគរបាលជាតិ មរណភាព នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តនាព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៥។


ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ហេង សុផលបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ដកំពង់ធំដែលជានិច្ចកាលថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ របស់បងប្អូនគ្រួសារសមាជិក គ្រប់មូលដ្ឋានឃុំ-សង្កាត់។


ឧត្តមសេនីយ៍ទោស្នងការ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនូវគុណបំណាច់ ពលិកម្ម របស់កងកម្លាំង ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្នថ្ងៃនេះដែរ នៅស្នងការដ្ឋាននគរបាលខេត្តបើកថវិកាគោលនយោបាយ ជូនគ្រួសារមន្ត្រីនគរបាលជាតិ មរណភាពចំនួន០៧ គ្រួសារ នូវថវិកាសរុបចំនួន១៣៦៦១០០០០រៀល។
ឧត្តមសេនីយ៍ទោស្នងការ ណែនាំ ដល់គ្រួសារសមាជិក សូមខិតខំបង្ករបង្កើនផល ដាំដំណាំ ឈើហូបផ្លែ បន្លែបង្ការចិញ្ចឹមសត្វតាមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយ ជីវភាពឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត៕


ដោយ៖ ស៊ុម វណ្ណា,
ប្រភពស្នងការនគរបាលខេត្តកំពង់ធំ





