ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ ចូលរួម ជាគណៈអធិបតី ក្នុងវេទិកា សហប្រតិបត្តិការឧស្សាហកម្មទឹក
AKP ភ្នំពេញ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម ឯកឧត្តម Kim Wansup រដ្ឋមន្ត្រី ក្រសួង បរិស្ថាននៃសាធារណរដ្ឋកូរ៉េ និង លោកបណ្ឌិត Jungho Anអនុប្រធាន សាជីវកម្មធនធានទឹកកូរ៉េ( K-water) បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាសហប្រតិបត្តិការឧស្សាហកម្មទឹក ដែល រួមមាន សិក្ខាសាលាបច្ចេកទេស ការតាំង ពិព័រណ៌បច្ចេកវិទ្យាទឹក និង កិច្ចជំនួបអាជីវកម្ម ដែលរៀបចំឡើងនៅសណ្ឋាគារ ហៃយ៉ាតភ្នំពេញ។
វេទិការនាព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ ២០២៥មានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ និងសហគ្រាសទឹកឯកជន ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដើម្បីជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិតក្នុងវិស័យទឹក។

សូមជម្រាបថា វេទិកាសហប្រតិបត្តិការ ឧស្សាហកម្មទឹកជាវេទិកាអន្តរជាតិ ដែលសហការរៀបចំដោយក្រសួងធនធានទឹក និង ឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណង ពង្រឹងភាពជាដៃគូ ការចែករំលែកចំណេះដឹង និង ការ បង្ហាញពីបច្ចេកវិទ្យា គ្រប់គ្រងទឹកដ៏ទំនើប ព្រមទាំងដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងទឹក ជាសកល ប្រកប ដោយភាពច្នៃប្រឌិត និរន្តរភាព និងវិបុលភាពរួមគ្នា ជំរុញវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានទឹកស្អាត កសិកម្មដែលធន់នឹងអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជា ដើម្បី សន្តិសុខទឹកនៅកម្ពុជា ។


ថ្លែងក្នុងឱកាសបើកវេទិកា ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា បានមានប្រសាសន៍លើកឡើងពី បញ្ហាប្រឈមនៃ ការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការពង្រីកឧស្សាហកម្ម និង បាន បញ្ជាក់ ពីតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការ ការច្នៃប្រឌិត និងការវិនិយោគក្នុងការគ្រប់គ្រងទឹក។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីការ ប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង កិច្ចខិតខំប្រឹងប្រែងចូលរួម អនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៣០ ដើម្បី ក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ ជាមួយនឹងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ។


ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បាន មានប្រសាសន៍ គូសបញ្ជាក់ ពី ការបង្កើនផលិតភាព ការកាត់បន្ថយភាពក្រីក្រ និង ការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការវិនិយោគលើប្រព័ន្ធធារាសាស្រ្ត ការប្រើប្រាស់ទឹកប្រកប ដោយប្រសិទ្ធភាព ការកែច្នៃកសិកម្មក្នុងស្រុក និងការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏ បានបង្ហាញ ពីគោលបំណងរបស់កម្ពុជា ក្នុងការរៀបចំ យុទ្ធសាស្ត្រ និងផែនការមេធនធានទឹកជាតិ ដើម្បី ធានាការបែងចែកទឹកប្រកបដោយសមធម៌ លើកទឹកចិត្តដល់កសិកម្មឆ្លាតវៃ និងការលើកកម្ពស់ដំណាំដែលផ្តល់ទិន្នផលហិរញ្ញវត្ថុខ្ពស់ និងបង្កើតការងារបន្ថែមទៀត៕
ដោយ៖ប៊ុនរិទ្ធ ,ប្រភព៖ ក្រសួងធនធានទឹក





