អភិបាលខេត្តកំពង់ចាមនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនពលរដ្ឋ២៦គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងស្រុកកំពង់សៀម
AKP កំពង់ចាម ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន២៦គ្រួសារដែលត្រូវជម្លៀសមករស់នៅលើទីទួលសុវត្ថិភាព មកពីឃុំកោះសំរោង និងឃុំកោះទន្ទឹម និងឃុំហាន់ជ័យ នៅបរិវេណវត្តបល្ល័ង្គពេជ្រ ឃុំរអាង។

ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរខ្ពស់ចំពោះជនរងគ្រោះ និងងាយរងគ្រោះ ដោយឱ្យតំណាងចុះជួបជាមួយក្រុមគ្រួសាររងគ្រោះ ព្រមទាំងបាននាំជាមួយស្បៀង សម្ភារៈ ថវិកា សង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ ពេលជួបមានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុអ្វីមួយ ដោយគ្រោះមហន្តរាយពីធម្មជាតិ។ ការផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាករបស់ពលរដ្ឋបានទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ជាយថាហេតុណាមួយ ពិសេសនៅពេលទឹកកំពុងហក់ឡើងនេះ ចូរបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះកូនចៅ ចំពោះការលង់ទឹក និងសត្វអសិរពិស ខាំ ចឹក និងទិច និងការរាតត្បាតនៃជំងឺផ្សេងៗ។ បើមានពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល ទើបផុតពីគ្រោះថ្នាក់ដល់អាយុជីវិត និងចូលរួមថែទាំសុខភាពឱ្យបានល្អផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង២៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ២៥គ.ក្រ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត (មុង ភួយ សារុង ក្រមា) ១សម្រាប់ និងថវិកាចំនួន៥០,០០០រៀល៕

ដោយ ឆាយ ម៉ុត





