អភិបាលស្រុកតាំងគោកណែនាំឱ្យបន្តពង្រឹងការងារសន្តិសុខ និងយកចិត្តទុកដាក់លើសុខុមាលភាពស្ត្រីមានផ្ទៃពោះក្នុងមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតាំងគោក បានណែនាំឱ្យបន្តពង្រឹងការងារសន្តិសុខនិងយកចិត្តទុកដាក់លើសុខុមាលភាពស្ត្រីមានផ្ទៃពោះក្នុងមូលដ្ឋាន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែ ដើម្បីពិនិត្យ រាយការណ៍ និងវាយតម្លៃលើលទ្ធផលការងារកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ប្រធានមណ្ឌលសុខភាពទាំង៨ និងប្រធានការិយាល័យ-អង្គភាពពាក់ព័ន្ធជុំវិញស្រុក។

ក្នុងឱកាសនោះ លោកអធិការនគរបាលស្រុកតាំងគោកបានឡើងធ្វើរបាយការណ៍ និងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែជូនដល់អង្គប្រជុំទាំងមូល និងបានរំលេចយ៉ាងច្បាស់អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លទ្ធផលនៃការចុះល្បាត ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសផ្សេងៗ ដូចជា គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ អំពើចោរកម្ម ក្នុងដែនសមត្ថកិច្ចស្រុកនាពេលកន្លងមក។

លោក ញ៉ែម ពេញ ប្រធានការិយាល័យស្រុកប្រតិបត្តិបារាយណ៍-សន្ទុក បានឡើងមានមតិនិងរាយការណ៍អំពីការងារសុខាភិបាល ដោយបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលចំពោះសុខុមាលភាពមាតានិងទារកនិងបានស្នើឱ្យអាជ្ញាធរឃុំទាំងអស់ចុះស្រង់ទិន្នន័យចំនួនស្ត្រីមានផ្ទៃពោះនៅក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ ព្រមទាំងបន្តតាមដាន និងជំរុញលើកទឹកចិត្តឱ្យពួកគាត់ទៅទទួលសេវាពិនិត្យសុខភាព និងពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ នៅតាមមណ្ឌលសុខភាពដែលនៅជិតបំផុត។
លោក ហាក់ ម៉ុងហួត បានសម្តែងការគោរព កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានមណ្ឌលសុខភាព និងអាជ្ញាធរភូមិទាំងអស់ដែលបានរួមសហការគ្នាយ៉ាងល្អប្រសើរកន្លងមក ក្នុងការចុះយុទ្ធនាការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនឈាមនៅមូលដ្ឋាន។

លោក ហាក់ ម៉ុងហួត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏បានណែនាំ និងជំរុញបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តការងារសំខាន់ៗដូចជា ការងារសុខាភិបាល៖ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយនិងអប់រំជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីការការពារ និងទប់ស្កាត់ការរីករាលដាលនៃ ជំងឺគ្រុនឈាម ព្រមទាំងបន្តចុះស្រង់ទិន្នន័យថែទាំសុខុមាលភាពស្ត្រីមានផ្ទៃពោះ និងយកចិត្តទុកដាក់លើសុខុមាលភាពស្ត្រីមានផ្ទៃពោះក្នុងមូលដ្ឋាន។ ការងារគ្រប់គ្រងដីធ្លី៖ ជំរុញឱ្យអាជ្ញាធរភូមិ-ឃុំ ចុះផ្សព្វផ្សាយជាបន្ទាន់ និងឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ អំពីដំណើរការនៃការប្រកាសចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងបានជំរុញដល់អាជ្ញាធរឃុំ និងភូមិទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យនិងសម្របសម្រួលចំពោះភូមិណាដែលត្រូវ ប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃកាលវិនិច្ឆ័យដីធ្លី ដើម្បីឱ្យប្រជាពលរដ្ឋបានទៅពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

បន្ថែមពីនេះ លោកអភិបាលស្រុកបានជុំវិញការងារសន្តិសុខនិងសេវាសាធារណៈ បន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» បង្កើនល្បឿនក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ និងត្រៀមលក្ខណៈឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗតាមរដូវកាលផងដែរ៕
ដោយ ស៊ុម វណ្ណា





