ក្រសួងអភិវឌ្ឍន៍ជនបទបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ ស្រុកមុខកំពូល
AKP កណ្ដាល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ បាអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង១៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាង ម្ខាង១ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថិតនៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ឯកឧត្តម ប៉ែន ពេជ្រសាលី បានមានប្រសាសន៍ថា ការសាងសង់ផ្លូវបេតុងនេះធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក ពិសេសនៅរដូវវស្សា ផ្លូវនេះមានជង្ហុក ហុយ រអិល ដែលពិបាកក្នុងការធ្វើដំណើរ សម្រាប់សិស្សានុសិស្សទៅសាលារៀន ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់នេះផងដែរ។ ការសាងសង់ផ្លូវបេតុងនេះគឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសផ្លូវបេតុងនេះ គឺជាប្រភេទផ្លូវដែលមានភាពធន់ក្នុងការបម្រែបម្រួលអាកាសធាតុ ដែលធានាឱ្យការប្រើប្រាស់បានយូរអង្វែង។ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះក៏បានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើដល់កងវិស្វកម្មស្ពាន-ថ្នល់ ដែលទទួលការសាងសង់ផ្លូវបេតុងនេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដោយធានាថាផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង ព្រមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់សងខាងផ្លូវ សូមមានការយល់យោគ និងអធ្យាស្រ័យ នៅពេលដែលផ្លូវនេះកំពុងសាងសង់ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា កុំដឹកលើសទម្ងន់ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





