សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា បើទុកឱ្យប្រជាជនក្រីក្រ ដោយខ្វះការយកចិត្ដទុកដាក់ សន្ដិភាពនឹងត្រូវបានបំផ្លាញដោយការខឹងសម្បារបស់ប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ -- ដំបូងយើងត្រូវដឹងថា ដើម្បីអភិវឌ្ឍន៍បាន យើងត្រូវមានសន្ដិភាព ហើយដើម្បីរក្សាសន្ដិភាពបាន ត្រូវតែមានការអភិវឌ្ឍ បើទុកឱ្យប្រជាជនក្រីក្រ តោកយ៉ាក ដោយខ្វះការយកចិត្ដទុកដាក់ សន្ដិភាពនឹងត្រូវបានបំផ្លាញដោយការខឹងសម្បារបស់ប្រជាពលរដ្ឋ។ នេះគឺជាថ្លែងបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងបាឋកថារបស់សម្ដេចថ្លែងក្នុងសិក្ខាសាលាស្ដីពី "ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា" នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ដូច្នេះ យើងត្រូវចាត់ទុកថា សន្ដិភាព និងការអភិវឌ្ឍជាចុងខ្សែពីរ នៃចំណងមួយ បានន័យថា ចុងខ្សែពីរ ម្ខាងសន្ដិភាព និងម្ខាងការអភិវឌ្ឍ ទើបយើងរក្សាបាន។ នេះជាវិចារវិទ្យាដែលមានចំណងពាក់ព័ន្ធរវាងសន្ដិភាព និងការអភិវឌ្ឍ»។ សម្ដេចតេជោបានលើកឡើងថា បើគ្មានសន្ដិភាព គឺគ្មានការអភិវឌ្ឍទេ ហើយបើគ្មានការអភិវឌ្ឍក៏យើងពិបាករក្សាសន្ដិភាពបានដែរ។ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានសង្កត់ធ្ងន់ថា៖ «នេះជារឿងពិត ត្រូវជំរុញការអភិវឌ្ឍ ជំរុញការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានបរិយាបន្ន គឺនៅតែជាគោលនយោបាយដ៏ចាំបាច់ សម្រាប់ររក្សាសន្ដិភាពឱ្យស្ថិតស្ថេរគង់វង្ស»។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា តាមរយៈបាឋកថាថ្ងៃនេះ នឹងអាចចូលរួមផ្ដល់ជាពុទ្ធិដល់ការយល់ដឹងកាន់តែជ្រាលជ្រៅឡើងពីគុណតម្លៃនៃសន្ដិភាព និងការពិបាកនៅក្នុងការកសាងសន្ដិភាព ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ ក៏ដូចជាការពិបាកនៅក្នុងការរក្សាសន្ដិភាពឱ្យបានគង់វង្សយូរអង្វែង ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
សម្ដេចតេជោប្រធានព្រឹទ្ធសភាសង្ឃឹមថា បទពិសោធន៍របស់កម្ពុជា នៅក្នុងការកសាងសន្ដិភាព និងកសាងជាតិ នឹងអាចរួមចំណែកក្នុងការកសាងវប្បធម៌សន្ទនា និងការជំរុញឱ្យមានសមាសធាតុ ឈ្នះ ឈ្នះ នៅក្នុងការដោះស្រាយជម្លោះរ៉ាំរ៉ៃយូរអង្វែង ដែលសមាសធាតុនេះ គឺជាមូលដ្ឋានមិនអាចខ្វះបានសម្រាប់ជំរុញការដោះស្រាយជម្លោះដោយសន្ដិវិធី និងការកសាងសន្ដិភាពពិតប្រាកដ យូរអង្វែង និងមានបរិយាបន្ន៕
ដោយ៖ រិទ្ធី





