ពិធីប្រកាសជ័យលាភីកម្មវិធីយុវជនអ៊ីជិន (E-Gen)
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុប និងប្រកាសជ័យលាភីកម្មវិធីយុវជនអ៊ីជិន (E-Gen) ដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជន។ កម្មវិធីយុវជនអ៊ីជិន ត្រូវបានផ្តួចផ្តើមឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់ជាថ្នាលសម្រាប់ប្រមូលផ្តុំអ្នកជំនាញ ដើម្បីផ្តល់ចំណេះដឹង ជំនាញផ្នែកឌីជីថលដល់យុវជន និងជាថ្នាលសម្រាប់បណ្តុះគំនិតនវានុវត្តន៍ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពសម្រាប់សហគមន៍។

កម្មវិធីនេះបានចាប់ផ្តើមកាលពីខែឧសភា ឆ្នាំ២០២៤ ដោយមានវគ្គសំខាន់ៗចំនួន៣ បន្តបន្ទាប់គ្នាសម្រាប់បំប៉នសមត្ថភាព និងអភិវឌ្ឍន៍បំណិនដល់យុវជន តាមរយៈវគ្គសិក្ខាសាលាបំប៉នសមត្ថភាព ការសិក្សាស្រាវជ្រាវពីបញ្ហារបស់សហគមន៍ ការចុះសង្កេតផ្ទាល់ដល់សហគមន៍ និងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ដោយប្រើបច្ចេកវិទ្យា IoT, Machine Learning និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ពីសាស្ត្រាចារ្យវាយតម្លៃចំនួន ៥រូប។

ក្នុងឱកាសនោះ ឯកឧត្តម វង ភិរុណ បានថ្លែងថា គម្រោងដែលបានបង្កើតឡើងសុទ្ធតែមានផលជះវិជ្ជមានដល់សហគមន៍ ជាពិសេសជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយហានិភ័យ និងអាចពង្រីកមុខរបរបន្ថែមទៀតបាន។ ឯកឧត្តមបានបន្តថា ក្នុងយុគសម័យបច្ចេកវិទ្យានេះ កម្មវិធីយុវជនអ៊ីជិន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលធនឌីជីថលសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសូមលើកទឹកចិត្តក្មួយៗបន្តពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍គម្រោងនេះបន្តទៀត ដើម្បីអាចយកទៅប្រើប្រាស់ជាប្រយោជន៍ដល់សហគមន៍។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អនុរដ្ឋលេខាធិការបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ គណៈកម្មការវាយតម្លៃ សាស្ត្រាចារ្យដែលបានបង្វឹកក្មួយៗក្នុងកម្មវិធីយុវជនអ៊ីជិន ព្រមទាំងគណៈកម្មការរៀបចំទាំងអស់ និងសូមចូលរួមអបអរសាទរដល់ក្រុមជ័យលាភីទាំង ៣ក្រុម ក្នុងនោះមានក្រុមមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញទទួលបានជ័យលាភីលេខ១ ក្រុមមកពីសាកលវិទ្យាល័យខេមតិចទទួលបានជ័យលាភីលេខ២ និងក្រុមមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងទទួលបានជ័យលាភីលេខ៣៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





