ការពង្រឹងសុខសន្តិភាព ស្ថេភាពនយោបាយ និងជំរុញការអភិវឌ្ឍរីកចម្រើននាំមកនូវអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ អញ្ជើញកាត់ឬសខណ្ឌសីមាសម្ពោធឆ្លងសមិទ្ធិផលនានាក្នុងវត្តគីរីជលសា ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើនរូបកាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ស្តីពី ការសាងសង់ព្រះវិហារវត្តគិរីជលសាកោះរ៉ុង ភូមិព្រែកស្វាយ សង្កាត់កោះះរ៉ុង ដែលបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា។ ព្រះវិហារនេះ សាងសង់លើខឿនប្រទក្សិណ ទទឹងប្រវែង ៣៣,៣០ម៉ែត្រ បណ្តោយប្រវែង ៧៤,៧ម៉ែត្រ មានរានហាលនៅខាងមុខ ដំបូលព្រះវិហារសាងសង់តាមរចនាបថព្រះវិហារជហ្វា៨ បុស្បុក ៥ថ្នាក់ ប្រក់ក្បឿងស្រកាលិញ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលបុស្បុក ៣៥,៣៥ម៉ែត្រ នៅខាងមុខប្រតិស្ឋានមានដងទង់ ១គូ ចំណែកផ្នែកខាងក្នុងព្រះវិហារ ប្រតិស្ឋានព្រះពុទ្ធបដិមា ព្រះអង្គសាងពីស្ពាន់កម្ពស់ ៣,១២ម៉ែត្រ លើជញ្ជាំង និងពិតានវិចិត្ររចនាដោយគំនូរបុរាណពុទ្ធប្បវត្តិ ព្រមទាំងកសាងមហាកុដិ (បង្គន់) រោងបាយ ការដំាដើមឈើ អណ្តូងទឹក ស្ថាបនាផ្លូវបេតុងជាដើម ចំណាយថវិកាប្រមាណ ២.៦៦៤.៤១៧ដុល្លារអាម៉េរិក។

ជាមួយគ្នានេះដែរ ចំពោះការចាក់បំពេញដីឈូសឆាយផ្លូវនៅផ្នែកខាងមុខ និងជុំវិញបរិវេណវត្ត គឺជាការចូលរួមចំណែកដោយសទ្ធាជ្រះថ្លារបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ថវិកាដែលបានចំណាយសម្រាប់ការសាងសង់ព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តគិរីជលសាកោះរ៉ុង កើតចេញពីសទ្ធាជ្រះថ្លារបស់សម្តេចក្រឡា ហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារ រួមទាំងសប្បុរសជនជាតិ និងអន្តរជាតិ និងពុទ្ធបរិស័ទជិតឆ្ងាយ។

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងកោតសរសើរ និងវាយតម្លែខ្ណស់ចំពោះការចូលរួមពីបងប្អូនសប្បុរសជននានា ដែលបានចូលរួមសាងសង់ព្រះវិហានេះឡើង។ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា "ការសាងសង់ព្រះវិហារនេះមិនមែនជាការសន្យាចោលនោះទេ ព្រោះការសាងសង់ព្រះវិហារនេះ គឺបានបញ្ចុះបឋមសិលាដោយភរិយារបស់ខ្ញុំកាលកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ហើយថវិការដែលត្រូវចំណាយលើការសាងសង់ គឺបានមកដូចការរបាយការណ៍របស់ឯកឧត្តមអភិបាលខេត្ត ដោយសារតែមានការចូលរួមពីបងប្អូនសប្បុរសជនបានចូលរួមតាមសទ្ធាជ្រះថ្លា និងតាមរយ:ធ្វើបុណ្យកឋិនទាន ៣លើករួមមកហើយ ចំពោះព្រះវិហារនេះបានសាងសង់រួចរាល់ និងកាត់ខណ្ឌឬសសីមានាពេលនេះ ក៏ប៉ុន្តែសំណង់ក្នុងបរិវេណវត្តរបស់យើងនៅមិនទាន់រួចរាល់នៅឡើយនោះទេ"។

សម្តេចក្រឡាហោម ស ខេង បានបញ្ចាក់ថា ព្រះវិហារនេះបម្រើឪ្យវិស័យព្រះពុទ្ធសាសនា ដែលបានសាង សង់នៅលើតំបន់កោះ ហើយក៏ជាទីអារាមរបស់យើងបម្រើឪ្យវិស័យព្រះពុទ្ធសាសនា និងវិស័យផ្សេងៗទៀត មានដូចជាវប្បធម៌ និងទេសចរណ៍ជាដើម។ យើងនៅមានកិច្ចការជាច្រើនទៀតដេលត្រូវធ្វើបន្តដូចជារបងវត្ត ដូច្នេះយើងបន្តកៀគរសប្បុរសជនជួយសាងសង់របងវត្តម្នាក់មួយប្រឡោះទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដោយសម្តេចបានសន្យានឹងបន្តជួយសាងសង់របងវត្តគិរីសាគរជលសានេះបន្តទៀត ដើម្បីប្រែក្លាយវត្តគិរីជលសារកោះរ៉ុងជាទីបម្រើឱ្យវិស័យវប្បធម៌ និងទេសចរណ៍នាពេលខាងមុខ។

សម្តេចបានបញ្ជាក់បន្ថែមថា ក្នុងនាមសម្តេចជាអ្នកផ្តួចផ្តើមកសាងព្រះវិហារ ថ្ងៃនេះយើងបានរួមគ្នាអភិវឌ្ឍន៍វិស័យពុទ្ធសាសនា ព្រោះវាមានឥទ្ធិពលទៅលើវិស័យផ្សេងៗទៀត ដូច្នេះយើងបន្តរួមគ្នាស្របទៅតាមបំណងប្រាថ្នាព្រះមហាក្សត្រកម្ពុជា ដែលព្រះកុរណាតែងតែមានព្រះទ័យទុកដាក់ និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធានព្រឹទ្ធសភា និងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដែលចង់បានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន និងសូមអគុណការចូលរួមរបស់សប្បុរសជនដែលកសាងសមិទ្ធិផលនេះ ហើយសង្ឃឹមជឿជាក់ថា យើងទាំងអស់គ្នាបន្តចូលរួមកសាងវត្តគិរីជលសាកោះរ៉ុងឱ្យកាន់តែស្រស់បំព្រងក្លាយទៅជាការទាក់ទាញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកមកគោរពបូជា ។

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានចែកអំណោយជូនយាយជី តាជី ១០០នាក់ នូវក្រណាត់ ស និងថវិកា និងប្រគល់ថវិការជូនរដ្ឋបាលកោះរ៉ុង សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួម។

ក្នុងឪកាសនោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានអញ្ជើញកាត់ខណ្ឌឬសសីមាព្រះវិហារវត្តគិរីជលសាកោះរ៉ុង ក្រុងកោះរ៉ុង ប្រកបដោយបរិយាកាសរីករាយផងដែរ៕
ដោយ: ងូ សុមុនី





