លោកស្រីលំ គន្ធារីនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំផ្ដល់ជូនគ្រួសារសពរងគ្រោះដោយរន្ទះបាញ់ នៅស្រុកតាំងគោក
AKP កំពង់ធំ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ -- លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍សាខាកាកក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចូលរួមរំលែកទុក្ក្ខដល់គ្រួសារសពជនរងគ្រោះដោយរន្ទះបាញ់នៅភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ នួន សាន ភេទប្រុសអាយុ ៣៨ឆ្នាំ មានសមាជិក ០៦នាក់ បានរងគ្រោះរន្ទះបាញ់កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០នាទីល្ងាច នៅភូមិប៉ាងឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកស្រី លំ គន្ធារី បានថ្លែងនូវការសោកស្ដាយ និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយគ្រួសារនៃសព ដែលបានទទួលមរណភាពដោយរន្ទះបាញ់។ គ្រួសារសពត្រូវតែតាំងចិត្តឱ្យបានរឹងមាំ ដើម្បីចិញ្ចឹមកូនដែលនៅតូចៗ ឱ្យពួកគាត់បានចូលរៀនដូចកុមារដទៃដែរ និងសូមបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធ ឮលោក នួន សាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ ព្រមទាំងខិតខំប្រកបរបររកទទួលទានប្រចាំថ្ងៃដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយត្រូវរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំ (ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត) សម្រាកក្នុងមុងដើម្បីចៀសផុតអំពីជំងឺគ្រុនឈាមដែលអាចកើតមានគ្រប់ពេលវេលាមិនថាមនុស្សចាស់ ឬក្មេងឡើយ។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនគ្រួសារសពរួមមាន អង្ករ ៥០គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ និងថវិការមួយចំនួនផងដែរ៕
ដោយ: ស៊ុម វណ្ណា





