កម្មវិធីប្រកួត «ស្ពានភាសាចិន» ពិភពលោកលើកទី២៤ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត «ស្ពានភាសាចិន» ពិភពលោកលើកទី២៤ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការប្រកួត «ស្ពានភាសាចិន» ពិភពលោក បានរៀបចំឡើងជារៀងរាល់ឆ្នាំអស់រយៈពេល ២៣ឆ្នាំមកហើយ ដោយមានបេក្ខភាពជាយុវជនចំនួន ១៧០០.០០០នាក់មកពីបណ្ដា ១៦០ប្រទេសចូលរួមប្រកួត។ ដោយឡែកការប្រកួតប្រចាំព្រះរាជាណាចក្រកម្ពុជានាឆ្នាំនេះ គឺមានទ្រង់ទ្រាយធំជាងឆ្នាំមុនៗទាំងអស់ ដែលបង្ហាញអំពីចំណាប់អារម្មណ៍ខ្ពស់របស់យុវជនកម្ពុជាចំពោះវប្បធម៌ចិន និងភាសាចិន និងបានរំលេចឱ្យឃើញនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ។ ជាមួយនេះគ្នាដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា និស្សិតដែលជាបេក្ខភាពប្រកួត និងទស្សនិកជន នឹងបន្តធ្វើជាបេសកជននៃចំណងមិត្តភាពកម្ពុជា-ចិន បន្ថែមទៀត។
ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការប្រកួតបែបនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅប្រទេសកម្ពុជា និងការផ្លាស់ប្តូររវាងប្រជាជនប្រទេសទាំងពីរសំដៅឆ្ពោះទៅការកសាងកម្លាំងយុវជនដ៏មានសក្តានុពលសម្រាប់បន្តវេនពូនជ្រំមិត្តភាពដ៏យូរលង់របស់ប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធពីមួយជំនាន់ទៅមួយជំនាន់ទៀត។


ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតចិនប្រចាំកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមសម្របសម្រួល និងគាំទ្របង្កើតការប្រកួតនេះឡើង ដើម្បីផ្តល់ឱកាសឱ្យបេក្ខជនបានបញ្ចេញសមត្ថភាពរបស់ខ្លួន និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការអប់រំភាសាចិន។

គួរបញ្ជាក់ថា បេក្ខជនឆ្នើមចំនួន ១៤រូបក្នុងចំណោមបេក្ខជន ១៤៩រូបមកពីរាជធានី ខេត្ត ក្រុងនានា បានចូលរួមក្នុងការប្រកួតនេះ។ បេក្ខជនទាំងអស់បានឡើងធ្វើបទបង្ហាញជាសាធារណៈជាភាសាចិន និងសម្ដែងសិល្បៈចិន ក៏ដូចជាការបកស្រាយបទចម្រៀង កាប្រគំឧបករណ៍ភ្លេងប្រពៃណីចិន និងការរាំរបាំប្រពៃណីចិនជាដើម ដែលជាការបង្ហាញនូវសមិទ្ធផលនៃការសិក្សាភាសាចិន ព្រមទាំងទេពកោសល្យ និងការស្វែងយល់អំពីវប្បធម៌ចិនយ៉ាងស៊ីជម្រៅ ហើយជាលទ្ធផល បេក្ខជន រស់ សុផារីយ៉ា បេក្ខជន ធា រស្មីបញ្ញា និងបេក្ខជន ចន ដេវីន ជាអ្នកទទួលបានជ័យលាភីពិសេស និងជ័យលាភីទី១ ក្នុងការប្រកួត «ស្ពានភាសាចិន» ពិភពលោកលើកទី២៤ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





