រដ្ឋបាលខេត្តកំពង់ធំទទួលបានការឧបត្ថម្ភថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពីឯកឧត្តមសាស្រ្តាចារ្យ ស៊ុំ សត្ថា
AKP កំពង់ធំ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ --
ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៥ អញ្ជើញទទួលថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពីឯកឧត្តមសាស្រ្តាចារ្យ ស៊ុំ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា ដែលរួមមាន ថ្នាំ Glimepiride 3mg ចំនួន ១.០០០ប្រអប់ និងថ្នាំ Glimepiride 2/500 ចំនួន ១.៥០០ប្រអប់។

ឯកឧត្តម នួន ផារ័ត្ន ក្នុងនាមគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស៊ុំ សត្ថា ដែលបានជួយឧបត្ថមថ្នាំព្យាបាលជម្ងឺទឹកនោមផ្អែមជូនដល់រដ្ឋបាលខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម។ តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺទឹកនោមផ្អែម។

ឯកឧត្ដម នួន ផារ័ត្ន បានមានប្រសាសន៍ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំទាំងមូល៕



ដោយ: ស៊ុម វណ្ណា





