សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីភារកិច្ចលម្អិតនៃការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល
AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ -- សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ ស្ដីពីការតាំងពិព័រណ៍ ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក នៃការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី និងក្រុមការងារជាច្រើននាក់ទៀត។



ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល បានមានប្រសាសន៍ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺសំខាន់បំផុតជាប្រពៃណី ដែលធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ (គោឧសភរាជ)។ ម្យ៉ាងទៀត ព្រះរាជពិធីនេះក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជាជនខ្មែរដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយផងដែរ។ ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ គឺមានព្រះរាជពិធីមួយស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗទៀតប្រចាំឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផលដំណាំដទៃៗទៀត។


ទន្ទឹមនឹងនេះដែរ សម្តេចមហាមន្ត្រី បានលើកឡើងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺពង្រឹងអភិបាលកិច្ចល្អដើម្បីពង្រឹងគុណភាពថែរក្សាប្រពៃណីជាតិ និងបង្កើនធនធានមនុស្សដើម្បីប្រទេសមានការអភិវឌ្ឍ៕
ដោយ: បៃ ស៊ីថុន





