ក្រសួងវប្បធម៌រៀបចំសិក្ខាសាលាស្តីពី “ការណែនាំអំពីការបំពេញទម្រង់ក្នុងបញ្ជីមរតកវប្បធម៌អរូបី”
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥-- អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពី “ការណែនាំអំពីការបំពេញទម្រង់ក្នុងបញ្ជីមររកវប្បធម៌អរូបី” ក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។


ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពី “ការណែនាំអំពីការបំពេញទម្រង់ក្នុងបញ្ជីមរតកវប្បធម៌អរូបី” រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលមន្រ្តីជំនាញតាមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីស្វែងយល់អំពីវិធីសាស្រ្តក្នុងការបំពេញទម្រង់នៃការចុះបញ្ជីមរតកវប្បធម៌អរូបី ដែលសម្រួលថ្មីមានស្តង់ដាតែមួយ សម្រាប់ប្រើប្រាស់ក្នុងខេត្តនីមួយៗ ហើយនឹងសង្ឃឹមថាខេត្តទាំងនោះនឹងមានបញ្ជីបេតិកភណ្ឌអរូបីប្រចាំខេត្តរបស់ខ្លួនផ្ទាល់នាចុងឆ្នាំ២០២៥។
អង្គសិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជំនាញនៃនាយកដ្ឋានទាំង៥ ក្រោមឱវាទអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងជនបង្គោលនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទាំង២៥រាជធានី-ខេត្ត សរុប៦០នាក់៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





