រដ្ឋបាលខេត្តកណ្តាលពង្រឹងការយល់ដឹងបន្ថែមដល់រដ្ឋបាលឃុំ សង្កាត់ លើការអនុវត្តគម្រោងរបស់ខ្លួន
AKP កណ្ដាល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំការពង្រឹងរបៀបរបបការងារ និងពង្រឹងការយល់ដឹងបន្ថែមដល់ រដ្ឋបាលឃុំ សង្កាត់ លើការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេស សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ត្រីពាក់ព័ន្ធ និងលោក លោកស្រីមេឃុំ ចៅសង្កាត់តាមបណ្ដាក្រុង-ស្រុកទាំង១៣។


ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវបានចាប់ផ្តើមដំណើរការតាំងពីការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់ ពោលគឺគម្រោងឃុំ សង្កាត់ គឺជាគម្រោងដែលបាន ឆ្លុះបញ្ចាំងនៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ហើយថវិកាដែលបានវិភាជសម្រាប់គម្រោងទាំងនេះ ត្រូវឆ្លុះបញ្ចាំងនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ឃុំ សង្កាត់។ អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការងារកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យា ដោយត្រូវអនុវត្តការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយត្រូវអនុវត្តតាមគោលការណ៍ នីតិវិធី ដែលមានចែងនៅក្នុងសៀវភៅណែនាំស្តីពីការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់។ គ្រប់គម្រោងនីមួយៗ នៅពេលចាប់ផ្តើមអនុវត្ត សម្រាប់សំណង់ត្រូវមានសៀវភៅកំណត់ហេតុការងារនៅការដ្ឋាន មេការត្រូវមានសៀវភៅកំណត់ហេតុទុក ជាប់ខ្លួនជាកិច្ចនៅការដ្ឋានសាងសង់ឱ្យស្របតាមនីតិវិធី សម្រាប់ម្ចាស់គម្រោង ឬគណៈកម្មការគ្រប់គ្រងគម្រោង ឃុំ សង្កាត់ និងមន្ត្រីបច្ចេកទេសចារណែនាំ ឬផ្តល់យោបល់ដល់អ្នកទទួលការ ក្នុងសៀវភៅនោះនៅពេលចុះ ពិនិត្យគម្រោង។


ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្តក៏បានណែនាំដល់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញការងារ និងពង្រឹងរបៀបរបបការងារប្រចាំថ្ងៃបានល្អ អនុវត្តការងារឱ្យបានត្រឹមត្រូវទៅ តាមតួនាទីភារកិច្ចរបស់ខ្លួន ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





